មហាជនមានការរិះគន់យ៉ាងខ្លាំងទៅលើរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខ ក្នុងករណីសាងសង់ពហុកីឡដ្ឋានជាតិ មួយឈ្មោះ“ពហុកីឡដ្ឋានជាតិមរតកតេជោ”ជាថ្នូរនឹងផ្ទៃដីបឹងពោងពាយជាទ្រព្យសម្បត្ដិរបស់រដ្ឋទំហំជាង១០៨ហិកតា(ដីមានតម្លៃខ្ពស់) ប្រគល់ទៅឱ្យឯកឧត្ដមឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុនអិលវ៉ាយភីគ្រុប(LYP Group)និងជាសមាជិកព្រឹទ្ធសភា ប្រភពមកពីគណបក្សប្រជាជនកម្ពុជា ។
មជ្ឈដ្ឋានអ្នករិះគន់បានបង្ហាញនូវព័ស្ដុតាងថា ដើម្បីស្ថាបនាពហុកីឡដ្ឋានជាតិមរតកតេជោនៅលើផ្ទៃដីទំហំប្រមាណ៨៤ហិកតា (ដីមានតម្លៃទាប) គឺរាជរដ្ឋាភិបាលបានសម្រេចដោះដូរផ្ទៃដីបឹង ពោងពាយទំហំជាង១០៨ហិកតា ឋិតនៅក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជាទ្រព្យសម្បត្ដិឯកជនរបស់រដ្ឋ(ធ្វើអនុប យោគដោយអនុក្រឹត្យលេខ២៥២អនក្រ.បក ចុះថ្ងៃទី១៣ខែធ្នូឆ្នាំ២០១២ ពីទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋ) ទៅឱ្យឯកឧត្ដមឧកញ៉ា លី យ៉ុងផាត់ ក្រោមរូបភាពនៃការ អភិវឌ្ឍ ។
ព័ស្ដុតាងជាឯកសារជាក់លាក់បានបង្ហាញថា ឯកឧត្ដម កែប ជុតិមា អតីតអភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ គឺជាប្រធានគណៈកម្មការអន្ដរក្រសួងចុះវាស់វែងកំណត់ព្រំប្រទល់ផ្ទៃដីបឹងពោងពាយ និងកំណត់ព្រំប្រទល់ពហុកីឡដ្ឋានជាតិមរតកតេជោ និងពិនិត្យប្លង់សាងសង់ ព្រមទាំងវាយតម្លៃលើការសាងសង់ពហុកីឡដ្ឋានជាតិនេះ(សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ២៨សសរ ចុះថ្ងៃទី២០ខែកក្កដាឆ្នាំ២០១២) ។
ចំណុចក្ដៅគគុកនៃការរិះគន់ទៅលើរូបភាពមិនប្រក្រតីក្នុងការស្ថាបនាសាងសង់ពហុកីឡដ្ឋាន ជាតិមរតកតេជោឋិតនៅត្រើយខាងកើតស្ពានព្រែកព្នៅដែលមានឯកឧត្ដមឧកញ៉ា លី យ៉ុងផាត់ ជាអ្នកសាងសង់នោះ គឺ ៖
១-មិនមានការដេញថ្លៃជាសាធារណៈ ទាំងលើការដោះដូរដីរដ្ឋ និងទាំងការស្ថាបនាកសាងពហុ កីឡដ្ឋានជាតិមរតកតេជោដែលមានតម្លៃដល់រាប់រយលានដុល្លារអាមេរិក ។
២-ប្រភពថវិកាជារបស់រដ្ឋសុទ្ធសាធ(បានមកពីការដោះដូរដីរដ្ឋទំហំជាង១០៨ហិកតាដែលមាន តម្លៃខ្ពស់ជាមួយក្រុមហ៊ុនឯកឧត្ដមឧកញ៉ា លី យ៉ុងផាត់ ទំហំប្រមាណ៨៤ហិកតា ដែលមានតម្លៃ ទាបជាង)ត្រូវតែដាក់ឈ្មោះជាពហុកីឡដ្ឋានជាតិរបស់រដ្ឋ(ឧទាហរណ៍ដូចជាឈ្មោះពហុកីឡដ្ឋានជាតិអូឡាំពិក ជាដើម) ប៉ុន្ដែបែរជាសម្រេចដាក់ឈ្មោះតម្រូវទៅតាមគោរមងាររបស់សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាទៅវិញ (ពហុកីឡដ្ឋានជាតិមរតកតេជោ) ។
ក្រុមអ្នករិះគន់បានលើកឡើង និងបង្កើតជាសំណួរថា កុំថាឡើយពហុកីឡដ្ឋានជាតិមួយ ទោះមានចំនួនច្រើនទៀតក៏ដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាចកសាងថ្មីបាន ដោយដាក់ឈ្មោះឬគោរមងារផ្ទាល់ខ្លួន របស់សម្ដេចក៏បាន ក្នុងករណីដែល “សម្ដេចតេជោសែន”បរិច្ចាគលុយកាក់ខ្លួនឯងផ្ទាល់ ។ ប៉ុន្ដែក្នុងករណីកសាងពហុកីឡដ្ឋានជាតិមរតកតេជោនេះបានប្រើប្រាស់ថវិកាប្រភពពីការដោះដូរទ្រព្យសម្បត្ដិរដ្ឋទាំងស្រុង(ដោះដូរបឹងពោងពាយ) ហេតុអ្វីត្រូវដាក់ឈ្មោះ “ពហុកីឡដ្ឋានជាតិមរតកតេជោ”ទៅវិញ ឬមួយ“សម្ដេចតេជោសែន” ចង់កេងចំណេញពីមរតកជាតិ ដោយប្រែក្លាយឱ្យទៅជាមរតកផ្ទាល់ខ្លួន ធ្វើឱ្យប្រវត្ដិសាស្ដ្រក្រឡាប់ចាក់១៨០ដឺក្រេ ?
ប្រជាពលរដ្ឋមួយក្រុមបាននិយាយថា ទម្រង់នៃការដឹកនាំប្រទេសរបស់“សម្ដេចតេជោសែន” សព្វថ្ងៃមិនដូចរបៀបរបបនៃការដឹកនាំរបស់ព្រះករុណាសម្ដេចព្រះ នរោត្ដម សីហនុ នាសម័យសង្គមរាស្ដ្រនិយមទេ គឺការកសាងពហុកីឡដ្ឋានជាតិដែលប្រើប្រាស់ថវិកាជាតិ អង្គសម្ដេចឪដាក់ឈ្មោះថា ពហុកីឡដ្ឋានជាតិអូឡាំពិក ប៉ុន្ដែចំពោះ“សម្ដេចតេជោសែន”វិញ ធ្វើការសាងសង់ពហុកីឡដ្ឋានជាតិថ្មី ដោយប្រើប្រាស់ថវិកាប្រភពពីទ្រព្យសម្បត្ដិរដ្ឋដែរ គឺដាក់ឈ្មោះបម្រើឱ្យផលប្រយោជន៍ខ្លួនឯងថា “ពហុកីឡដ្ឋានជាតិមរតកតេជោ” យ៉ាងរំភើយ មិនខ្ចីខ្មាសអៀន ៕
see more at : ដើមត្នោត

