ភ្នំពេញ — លោក ជុំ ម៉ី អតីតអ្នកទោសគុកទួលស្លែងនិងជាប្រធានសមាគមជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យហៅថាសមាគមក្សេមក្សាន្តគ្រោងនឹងប្តឹងលោក កឹម សុខា ស្របពេលដែលសមាគមក្សេមក្សាន្តគ្រោងនឹងបោះឆ្នោតផ្លាស់ប្តូររូបលោក។
គម្រោងរបស់លោក ជុំ ម៉ី ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិប្រកាសមិនសុំទោសតាមការទាមទាររបស់លោក។ យ៉ាងណាក៏ដោយ លោក ជុំ ម៉ី នៅមិនទាន់ដឹងច្បាស់ថានឹងត្រូវដាក់បណ្តឹងទៅកាន់តុលាការនៅពេលណានោះទេ។ លោក ជុំ ម៉ី គ្រាន់តែ បញ្ជាក់ថា៖ «អាចនឹងឆាប់ៗហ្នឹងមើលទៅ»។
លោក ជុំ ម៉ី កាលពីថ្ងៃអាទិត្យទី០៩កន្លងទៅនេះ បានដឹកនាំបាតុកម្មប្រឆាំងទាមទារឱ្យលោក កឹម សុខា ចេញមុខសុំទោសជាសាធារណៈ។ លោក កឹម សុខា ត្រូវបានចោទប្រកាន់ថា បាននិយាយថា គុកទួលស្លែងគឺជាគុកសិប្បនិម្មិតនឹងរៀបចំឡើងដោយវៀតណាម។ ទោះបីជាយ៉ាងនេះក្តី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិបានបដិសេធចោលលើការចោទប្រកាន់។
លោក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិនិយាយថាប្រសិនបើលោក ជុំ ម៉ី ដាក់ពាក្យប្តឹងលោក កឹម សុខា នោះគឺជាសិទ្ធិសេរីភាពរបស់លោកជុំ ម៉ី។
លោកនិយាយថា៖ «ដល់ពេលអីចឹងទៅខ្ញុំអត់ដឹងថាគាត់ចង់ធ្វើអ្វីទៀត។ នេះជាសិទ្ធិរបស់គាត់។ ចង់និយាយថា កឹម សុខា ក៏ជាជនរងគ្រោះក្នុងសម័យខ្មែរក្រហម»។
រដ្ឋសភាជាតិកម្ពុជាកាលពីថ្ងៃទី០៨ ខែមិថុនាកន្លងទៅនេះបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ដាក់ទោសជនទាំងឡាយណាដែលហ៊ានអះអាងថា មិនមានឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម។ ការអនុម័តនោះគ្មានវត្តមានតំណាងរាស្ត្រគណបក្សជំទាស់ឡើយ។ច្បាប់នេះត្រូវបង្កើតឡើងក្រោយពីមានការចោទប្រកាន់ទៅលើលោក កឹម សុខា តាមការបង្គាប់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោក សុខ សំអឿន នាយកប្រតិបត្តិនៃអង្គការមិនមែនរដ្ឋាភិបាលមួយហៅថាក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាប្រាប់ថាលោក ជុំ ម៉ី អាចប្តឹងលោក កឹម សុខា បានប៉ុន្តែក្រមព្រហ្មទណ្ឌមិនអាចដាក់ទោសនោះទេ ដោយហេតុថាច្បាប់នេះកើតក្រោយពេលដែលលោ គឹម សុខាត្រូវបានចោទប្រកាន់។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅឯកិច្ចប្រជុំរបស់គណៈកម្មាធិការនាយកនៃសមាគមក្សេមក្សាន្តចំនួនប្រាំបីរូបក្នុងចំណោមសមាជិកសរុបប្រាំបួនរូប បានអនុម័តថា នឹងជ្រើសរើសប្រធានសមាគមថ្មីជំនួសលោក ជុំ ម៉ី។
លោក ឆាត គឹមឈុន ប្រធានរដ្ឋបាលនៃសមាគមនេះ បញ្ជាក់ថា កិច្ចប្រជុំដើម្បីជ្រើសរើសប្រធានថ្មីនឹងត្រូវធ្វើឡើងក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រខែកក្កដា ខាងមុខនេះ។
លោក ឆាត គឹមឈុន បន្ថែមថា៖ «យើងជ្រើសរើសមេដឹកនាំកុំឱ្យពាក់ព័ន្ធនឹងគណបក្សនយោបាយ»។
លោក ជុំ ម៉ី ព្រមានថា.«ប្រសិនជាចង់ដករូបលោកមែននោះ»ត្រូវមានហេតុផលត្រឹមត្រូវពីព្រោះលោកត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ៕
ប្រភពពី វីអូអេខ្មែរ

0 comments:
Post a Comment