រាជធានីភ្នំពេញ ៖ បញ្ហាជម្លោះដីធ្លីនៅតំបន់បឹងពោងពាយ ដែលកំពុងមានការប្តឹងប្តល់គ្នាទាំងតាមផ្លូវតុលាការ ក៏ដូចជាយន្តការរបស់អង្គភាពប្រឆាំងអំពើពុករលួយកាន់តែរីកធំឡើង ហើយគេយល់ថាប្រសិនបើប្រទេសកម្ពុជា មានការអនុវត្តច្បាប់ទម្លាប់ត្រឹមត្រូវ លោក កែប ជុតិមា ដែលជាអតីតអភិបាលរាជធានីភ្នំពេញ និងជាបេក្ខជនតំណាងរាស្ត្រ ដែលកំពុងជាប់ការប្តឹងផ្តល់ពីរឿងពុករលួយពិបាកចៀសផុតពីការនាំទៅផ្តន្ទាទោសតាមផ្លូវច្បាប់។
ជាក់ស្តែងករណីដែលអ្នកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ សម្រេចប្តឹងផ្តល់លោក កែប ជុតិមា តាមគ្រប់ច្រកល្ហកនោះក៏ព្រោះតែសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចតម្កល់ពាក្យបណ្តឹងរបស់គាត់ទុកឥតចាត់ការ ដែលជារឿងអយុត្តិធម៌បំផុត ហើយជនរងគ្រោះដែលជាម្ចាស់ដី ៤-៥នាក់ទៀត ក៏គ្រោងដាក់ពាក្យ ប្តឹងលោក កែប ជុតិមា ក្នុងករណីស្រដៀងនឹងកម្មវត្ថុនៃពាក្យបណ្តឹងរបស់យាយក្រពើ ផងដែរគឺអាចធ្វើឲ្យលោក កែប ជុតិមា កាន់តែជាប់កុនជាមិនខានឡើយ។
រឿងដែលធ្ងន់ធ្ងរបន្ថែមពីលើពាក្យបណ្តឹង ដែលកំពុងដំណើរការនៅសាលាឧទ្ធរណ៍ និងនៅអង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីសាលារាជធានីភ្នំពេញមួយចំនួនក៏បានបង្ហើបឲ្យដឹងផងដែរថា មានរបាយការណ៍យ៉ាងលម្អិតមួយទាក់ទិននឹងភាពអសកម្មរបស់លោក កែប ជុតិមា មុនពេលបញ្ចប់តំណែងជាអភិបាលរាជធានីភ្នំពេញ កាលពីចុងខែមេសា កន្លងទៅនេះ ពាក់ព័ន្ធនឹងការប្រមូលលុយដែលជាខ្ទង់ចំណូលរបស់សាលារាជធានីភ្នំពេញទៅគ្រប់គ្រងចាត់ចែងតែម្នាក់ឯង ហើយគេសង្ស័យថាប្រាក់រាប់សែនដុល្លារ បានហូរចូលហោប៉ៅរបស់លោក កែប ជុតិមា ធ្វើឲ្យមន្ត្រីសាលារាជធានីមួយចំនួនមិនសប្បាយចិត្តទេ។
មានការបង្ហើបឲ្យដឹងផងដែរថា ប្រាក់ចំណូលផ្នែកប៉ាណូ ផ្សាយពាណិជ្ជកម្ម ប្រាក់អាជីវកម្មពីក្រុមហ៊ុនវិនិយោគមួយចំនួន ជាពិសេសប្រាក់ដែលបានមកពីការធ្វើអាជីវកម្មជួលអគារ ឬទីតាំងរបស់សាលារាជធានី ឲ្យឯកជនត្រូវគេដឹងថា លោក កែប ជុតិមា បានប្រមូលថ្លៃឈ្នួល យកទៅគ្រប់គ្រងតែម្នាក់ឯង ប៉ុន្តែគេមិនច្បាស់ទេថា លោក កែប ជុតិមា ធ្វើក្នុងបុព្វហេតុអ្វីនោះឡើយ ហើយបើជ្រុលតែអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតពាក្យបណ្តឹង ទាក់ទិនករណីលោក កែប ជុតិមា គួរតែសើរើបញ្ហានេះឡើងវិញផង។
សម្រាប់ពាក្យបណ្តឹងទាក់ទិននឹងការប្រើអំណាចដកហូតយកដីរបស់ប្រជាពលរដ្ឋនិងក្រុមឈ្មួញនៅតំបន់បឹងពោងពាយប្រមាណ ១០៦ហិកតា ប្រព្រឹត្តដោយលោក កែប ជុតិមា ពេលនេះកំពុងដំណើរការនៅសាលាឧទ្ធរណ៍ ប៉ុន្តែយាយក្រពើដែលជាម្ចាស់ពាក្យបណ្តឹងបានដាក់លិខិតមួយទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឲ្យជួយអន្តរាគមន៍ ទៅសាលាដំបូងរាជធានីភ្នំពេញ ឲ្យប្រគល់ដីកាសម្រេចលេខ៣៣៦ អយឆ ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៣ ដែលតម្កល់មិនចាត់ការពាក្យបណ្តឹងនោះ ដែលយាយក្រពើបានប្តឹងអតីតអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា និងគូកន ពីបទប្រើអំណាចរំលោភដកហូតយកដីរបស់គាត់ទំហំ ៣៤ហិកតា មានតម្លៃជាង១០០លានដុល្លារអាមេរិក។
យាយក្រពើបានបញ្ជាក់ប្រាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថា គាត់បានដាក់ពាក្យប្តឹងលោក កែប ជុតិមា និងបក្ខពួកពីបទប្រើអំណាចដែលរំលោភដកហូតយកដីគាត់ ជាង៣៤ហិកតា ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ តែនៅក្នុងពាក្យបណ្តឹងរបស់លោកស្រី មានកំហុសអក្ខរាវិរុទ្ធ ច្រឡំចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ ផ្ញើទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៣នេះ មេធាវីរបស់យាយក្រពើ បានដាក់សារណាការពារបណ្តឹង ចូលទៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ប៉ុន្តែនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៣ ព្រះរាជអាជ្ញារងលោក មាស ច័ន្ទពិសិដ្ឋ បានចេញដីកាលេខ ៣៣៦ អយឆ សម្រេចតម្កល់រឿងទុកឥតចាត់ការ តែមិនបានបញ្ជូនដីកានោះមកភាគីដើមបណ្តឹងទេ។
ករណីដែលតុលាការមិនបានផ្តល់ដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការ ធ្វើឲ្យភាគីដើមបណ្តឹងពិបាកយ៉ាងខ្លាំង ព្រោះមិនដឹងថាតំណាងអយ្យការសំអាងលើច្បាប់ និងលើហេតុផលអ្វីខ្លះក្នុងការតម្កល់រឿងនេះទុកឥតចាត់ការ ព្រោះក្នុងពាក្យបណ្តឹងមានកំហុសអក្ខរាវិរុទ្ធ។ យាយក្រពើ បានរំលឹកថា មានភស្តុតាងរឹងមាំក្នុងការប្តឹងលោក កែប ជុតិមា ក្នុងការប្រើអំណាចរំលោភដកហូតយកដីរបស់គាត់ ដូចជាតាមរយៈលិខិតផ្ទេរសិទ្ធិទទួលស្គាល់ដឹងឮពីអាជ្ញាធរមូលដ្ឋានឆ្នាំ១៩៩៩ លិខិតអនុញ្ញាតឲ្យឈូសឆាយដីលេខ ៤៦១ នប និងលិខិតបង់ពន្ធចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១២ ហើយការរំលោភយកដីរបស់គាត់ និងប្រជាពលរដ្ឋដទៃទៀតក្នុងបឹងពោងពាយយកទៅដោះដូរជាមួយដីលោកឧកញ៉ា លី យ៉ុងផាត់ ដែលមានទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់ អាចជាដើមហេតុនាំឲ្យមន្ត្រីតុលាការធ្វើការងារមិនមានតម្លាភាព។
ក្នុងលិខិតដាក់ជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍា គឺយាយក្រពើ បានបញ្ជាក់យ៉ាងច្បាស់ថា លោក កែប ជុតិមា សម្រេចយកដីនៅតំបន់បឹងពោងពាយទំហំ១០៦ហិកតា ទៅដូរជាមួយដីលោកឧកញ៉ា លី យ៉ុងផាត់ នៅខាងកើតស្ពានព្រែកព្នៅ ទំហំ ៨៥,៥ហិកតា ដោយគ្មានតម្លាភាពនិងមានអំពើពុករលួយ ហើយបើប្រៀបធៀបតម្លៃដីទាំង២កន្លែងនេះឃើញថា ដីនៅតំបន់ពោងពាយតម្លៃ ៣៥ដុល្លារក្នុង១ម៉ែត្រការ៉េ ចំណែកដីលោក លី យ៉ុងផាត់ តម្លៃ១០ដុល្លារក្នុង១ម៉ែត្រការ៉េ។តាមក្បាច់ស្រីគឺយាយក្រពើបានយកទៅគណនាទូទាត់តម្លៃដីដែលត្រូវបានដោះដូរនោះ រកឃើញលុយនៅសល់ជាង ៣៦២លានដុល្លារអាមេរិក ដែលមិនដឹងសាលារាជធានីភ្នំពេញយកទៅធ្វើអ្វីទេ ហេតុនេះហើយទើបយាយក្រពើទទូចសុំឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍លើករណីនេះឡើងវិញផង។
បើតាមការលើកឡើងរបស់យាយក្រពើបានបង្ហាញយ៉ាងច្បាស់ថា អំពើពុករលួយក្នុងការដោះដូរដីតំបន់បឹងពោងពាយដែលបានមកពីការរឹបអូសមិនត្រឹមត្រូវពីប្រជាពលរដ្ឋនិងក្រុមឈ្មួញដែលបានកាន់កាប់ដីនោះដោយសន្តិភាពច្រើនឆ្នាំមកហើយនោះ ជាមួយដីរបស់លោកឧកញ៉ា លី យ៉ុងផាត់ សម្រាប់ការធ្វើពហុកីឡដ្ឋានថ្មីមួយ ទាមទារឲ្យមានការស៊ើបអង្កេតឲ្យបានស៊ីជម្រៅឡើងវិញ ហើយត្រូវនាំមន្ត្រីខិលខូចពុករលួយទៅដាក់ទោសតាមច្បាប់ ព្រោះថា ករណីនេះមិនមានការដេញថ្លៃឲ្យមានតម្លាភាពនោះទេ ដែលគ្រប់ៗគ្នាមើលឃើញថា មានបង្កប់ដោយអំពើពុករលួយស្រដៀងទៅនឹងការលើកឡើងរបស់យាយក្រពើ ដែលបានដាក់ពាក្យបណ្តឹង ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕
ប្រភពពី៖ cambodiapage.info



0 comments:
Post a Comment