គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:42 AM



របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក ឬ​ភាសា​អង់គ្លេស​ហៅ​ថា គ្លបល វីនេស (Global Witness) ក្រោម​ចំណង​ជើង​ថា រ៉ាប់ប៊ឺ បារ៉ិនស៍ «Rubber Barons» ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា នេះ បាន​ទម្លាយ​ឲ្យ​ពិភពលោក​ដឹង​អំពី​សកម្មភាព​បំពាន​ច្បាប់​ជាតិ បំផ្លាញ​ធនធាន​ធម្មជាតិ និង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ឡាវ ដោយ​ក្រុមហ៊ុន​ដំណាំ​កៅស៊ូ​វៀតណាម​ធំៗ​ពីរ គឺ​ក្រុមហ៊ុន​ឯកជន ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai) និង​ក្រុមហ៊ុន​រដ្ឋ វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group)
ថ្មីៗ​នេះ អង្គការ​ឃ្លាំមើល​ធនធាន​ធម្មជាតិ​លើ​ពិភពលោក​មួយ​នេះ បាន​ច្រានចោល​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​វៀតណាម ហ្វាង អាន់ យ៉ាឡាយ ដែល​អះអាង​ថា បាន​កសាង​សមិទ្ធផល​ជា​ច្រើន​នៅ​ក្នុង​តំបន់​ដែល​ខ្លួន​ទទួល​បាន​ដី​សម្បទាន​នៅ​កម្ពុជា។
អង្គការ​ឃ្លាំមើល​ពិភពលោក​បដិសេធ​ការ​អះអាង​របស់​ក្រុមហ៊ុន​វៀតណាម
អង្គការ​ឃ្លាំមើល​ពិភពលោក ដែល​មាន​បេសកកម្ម​ស៊ើប​អង្កេត​បទល្មើស​ព្រៃ​ឈើ​នៅ​ជុំវិញ​ពិភពលោក បាន​បដិសេធ​ការ​អះអាង​របស់​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​វៀតណាម ឈ្មោះ ហ្វាង អាន់ យ៉ាឡាយ ដែល​ថ្មីៗ​នេះ​ប្រកាស​ថា បាន​ធ្វើ​កិច្ច​អភិវឌ្ឍន៍​ជា​ច្រើន​នៅ​ក្នុង​តំបន់​ដែល​ខ្លួន​បាន​វិនិយោគ។
ប្រតិកម្ម​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​វៀតណាម មួយ​ឈ្មោះ វៀត ស្តុក (Vietstock) បាន​ដក​ស្រង់​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ទទូច​ឲ្យ​អង្គការ​ឃ្លាំមើល​ពិភពលោក បង្ហាញ​ភស្តុតាង​ពី​ការ​រក​ឃើញ​របស់​ខ្លួន ហើយ​ក្រុមហ៊ុន​នេះ​នឹង​ចូល​រួម​ដោះស្រាយ​នូវ​បញ្ហា​ទាំង​អស់​ដែល​កើត​មាន​នៅ​កម្ពុជា។
ក្នុង​សម្រង់​សេចក្ដី​ថ្លែងការណ៍​ដដែល​នោះ ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ទទួល​ស្គាល់​ថា អង្គការ ឃ្លាំមើល​ពិភពលោក​ពិត​ជា​បាន​ផ្ញើ​សំណួរ​ចំនួន ៤៩​ចំណុច​ឲ្យ​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​បាន​ឆ្លើយ​តប​ទាំង​អស់ ព្រម​ទាំង​បាន​អញ្ជើញ​ឲ្យ​ភាគី​អង្គការ​ឃ្លាំមើល​ពិភពលោក មក​មើល​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ថែម​ទៀត។ ប៉ុន្តែ​អង្គការ​មួយ​នេះ មិន​បាន​មក​តាម​ការ​ណាត់​ជួប​នៅ​ក្នុង​ខែ​ឧសភា ទេ។ ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ក៏​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​បាន​អភិវឌ្ឍ​ក្នុង​តំបន់​ដែល​វិនិយោគ​នៅ​កម្ពុជា រួម​មាន​ការ​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ថ្នល់ សង់​ស្ពាន​ជាដើម។
ទោះ​ជា​យ៉ាង​ណា មន្ត្រី​គ្រប់គ្រង​យុទ្ធនាការ​ដីធ្លី​នៃ​អង្គការ​ឃ្លាំមើល​ពិភពលោក អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស (Megan MacInnes) បកស្រាយ​ថា អង្គការ​ឃ្លាំមើល​ពិភពលោក​ធ្លាប់​បាន​ទៅ​ជួប​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ នៅ​វៀតណាម កាល​ពី​ឆ្នាំ​២០១២ ហើយ​បាន​ដាក់​បង្ហាញ​ភស្តុតាង​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ និង​អំពើ​រំលោភ​ច្បាប់​នៅ​ប្រទេស​កម្ពុជា របស់​ក្រុមហ៊ុន​នេះ ព្រម​ទាំង​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ យ៉ាង​ហោច​ណាស់​គោរព​ច្បាប់​កម្ពុជា បន្ទាប់​ពី​ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច។
អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស៖ «យើង​បាន​សរសេរ​លិខិត​ដ៏​វែង​ទៅ​ឲ្យ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ សុំ​ចម្លើយ​ពី​ក្រុមហ៊ុន​នេះ​ពី​បញ្ហា​ផ្សេងៗ។ ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ បាន​ឆ្លើយ​តប​មក​យើង​ដោយ​អញ្ជើញ​យើង​ឲ្យ​ទៅ​មើល​គម្រោង​ការងារ​របស់​ក្រុមហ៊ុន​នៅ​ប្រទេស​វៀតណាម។ យើង​ក៏​បាន​ឆ្លើយ​តប​ទៅ​ពួកគេ​ថា យើង​ចង់​ទៅ​ជួប​ពួកគេ​ណាស់ ដោយ​នឹង​បញ្ជាក់​ប្រាប់​កាលបរិច្ឆេទ ដោយសារ​តែ​ពេល​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ អញ្ជើញ​យើង​នោះ គឺ​នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៣ ជា​ពេល​ដែល​យើង​មិន​ទាន់​អាច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម បាន។ ដូច្នេះ​យើង​មិន​យល់​ទេ នៅ​ពេល​ឮ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និយាយ​ថា យើង​មិន​បាន​ឆ្លើយ​តប​ពួក​គេ​នោះ។ រឿង​សំខាន់​មួយ​ទៀត​ដែល​ខ្ញុំ​ចង់​បញ្ជាក់ គឺ​ថា​យើង​បាន​ជួប​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ម្ដង​រួច​ទៅ​ហើយ​កាល​ពី​ខែ​សីហា ពី​ឆ្នាំ​២០១២។ នៅ​ពេល​នោះ យើង​បាន​ដាក់​បង្ហាញ​ភស្តុតាង​ដល់​ក្រុមហ៊ុន ជា​ភស្តុតាង​ដូច​ដែល​យើង​បង្ហាញ​ក្នុង​របាយការណ៍​នេះ ហើយ​សុំ​ឲ្យ​ពួកគេ​ឆ្លើយ​តប ទទូច​ឲ្យ​ចាត់​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា រួម​មាន​កង្វល់​របស់​ប្រជា​សហគមន៍ ជម្លោះ​ដីធ្លី​ដែល​កំពុង​បន្ត​កើត​មាន អំពើ​ហិង្សា ការ​គំរាមកំហែង និង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ដែល​កើត​មាន​ឡើង​នៅ​ជុំវិញ​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ។ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​ក្រុមហ៊ុន​ឡើយ»
ចំពោះ​ការ​អះអាង​របស់​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ដែល​ថា បាន​អភិវឌ្ឍ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន​ជា​ដើម​ក្នុង​តំបន់​ដែល​ខ្លួន​វិនិយោគ​នោះ មន្ត្រី​អង្គការ​ឃ្លាំមើល​ពិភពលោក រូប​នេះ​បាន​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​ជាង​មួយ​ឆ្នាំ​នៃ​ការ​ចុះ​អង្កេត​ស្រាវជ្រាវ​សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និង​ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group=VRG) អង្គការ​ឃ្លាំមើល​ពិភពលោក មិន​បាន​ប្រទះ​ឃើញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អ្វី​ទេ។ ទោះ​ជា​យ៉ាង​ណា អ្នកស្រី​បាន​ត្រឹម​ឮ​គេ​និយាយ​ថា ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ បាន​ឆូស​ឆាយ​ដី​ធ្វើ​ផ្លូវ​លំ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ហ៊ុប​ចេញ​ពី​ព្រៃ។
អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស៖ «នៅ​ពេល​យើង​ចុះ​ស្រាវជ្រាវ យើង​បាន​ជួប​សម្ភាសន៍​ជាមួយ​ប្រជាសហគមន៍​ដែល​រស់​នៅ​ជិត និង​ក្បែរ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ។ យើង​ពិនិត្យ​មើល​ព្រៃ​ឈើ យើង​ប្រមូល​ភស្តុតាង​នៃ​អំពើ​ល្មើស​ច្បាប់ ព្រៃ​ឈើ។ យើង​ជួប​សម្ភាស​ជាមួយ​កម្មករ និង​អ្នក​មូលដ្ឋាន ដែល​រស់​នៅ​ក្នុង​និង​ជុំវិញ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ច្រើន កន្លែង​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន។ យើង​បាន​សួរ​អំពី​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន ដែល​គេ​ទទួល​បាន​ពី​ក្រុមហ៊ុន។ តាម​ដែល​ខ្ញុំ​ចាំ​បាន សហគមន៍​ទាំង​អស់​ដែល​យើង​ចុះ​ជួប មាន​តែ​ភូមិ​មួយ​ប៉ុណ្ណោះ​ដែល​ពលរដ្ឋ​បាន​ប្រាប់​យើង​ថា ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ បាន​កសាង​សាលា​រៀន​មួយ​ឲ្យ​អ្នក​ភូមិ។ ក្រៅ​ពី​ហ្នឹង សហគមន៍​ដែល​យើង​ជួប​ទាំង​អស់ សុទ្ធ​តែ​បាន​ប្រាប់​យើង​ថា គេ​ទទួល​បាន​តែ​លទ្ធផល​អវិជ្ជមាន ឬ​ផលវិបាក​ពី​ការ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ។ យើង​ក៏​មិន​បាន​ឃើញ​មាន​ស្ពាន ឬ​ថ្នល់​អ្វី​សាងសង់​ដោយ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ដែរ»
អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំការ​នៅ​ភូមិ​ភាគ​ឦសាន​ក៏​មិន​បាន​ឃើញ​ការ​អភិវឌ្ឍ​អ្វី​របស់​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ គួរ​ឲ្យ​កត់​សំគាល់​ទេ។
ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ បាន​វិនិយោគ​លើ​វិស័យ​ដំណាំ​កៅស៊ូ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខេត្ត​រតនគិរី ជាប់​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម។ ក្រុមហ៊ុន​នេះ​កាន់​កាប់​ដី​នៅ​ខេត្ត​រតនគិរី ក្រោម​ផ្លាក​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​ជិត ៥​ម៉ឺន​ហិកតារ (៤៧.៣៧០) នៅ​ខណៈ​ច្បាប់​កម្ពុជា កំណត់​មិន​ឲ្យ​លើស​ពី ១​ម៉ឺន​ហិកតារ (១០.០០០) សម្រាប់​ក្រុមហ៊ុន​មួយ។
របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក កម្រាស់ ៤៩​ទំព័រ បញ្ជាក់​ថា ភាព​អាថ៌កំបាំង ឬ​ការ​លាក់លៀម​មិន​បង្ហាញ​ព័ត៌មាន​ពិត​របស់​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និង​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប គឺ​គន្លឹះ​ក្នុង​ការ​ជួយ​លាក់​បាំង​ទ្រព្យសម្បត្តិ និង​សកម្មភាព​របស់​ក្រុមហ៊ុន​មេ​ទាំង​ពីរ​នេះ គឺ​វា​បាន​ជួយ​លាក់​បាំង​មុខ​មាត់​ពិត​នៃ​ម្ចាស់​ក្រុមហ៊ុន។ លើស​ពី​នេះ​ទៀត ចេតនា​មិន​បង្ហាញ​ពី​តម្លាភាព ក៏​ជា​មធ្យោបាយ​ជួយ​ឲ្យ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច​លើស​ច្បាប់​កំណត់ ៥​ដង និង​ជួយ​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច​លើស​ច្បាប់​កំណត់ ១៦​ដង។ ចុចអានបន្ត​ 

________________
ប្រភព ពី RFA

0 comments:

Post a Comment