ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចក្រុងកំពង់ឆ្នាំង ចាប់ជនសង្ស័យចែកចាយថ្នាំញៀនបានម្នាក់ កាលពីម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ខណៈដែលជនសង្ស័យរូបនោះ ជួបគ្រោះថ្នាក់ចារាចរ នៅចំណុចមុខភោជនីយដ្ឋានបូរី ស្ថិតក្នុងភូមិធម្មយុតិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ហើយសមត្ថកិច្ចចុះទៅវាស់វែង ក៏ឃើញមានថ្នាំញៀននៅជាប់ខ្លួន។
លោក ហ៊ុល វាសនា អធិការរងក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ខណៈដែលលោកប្រចាំការនៅចំណុចខាងលើ ស្រាប់តែមានករណីគ្រោះថ្នាក់ចរាចររវាងម៉ូតូនិងម៉ូតូ ពេលនោះលោកក៏បានឃើញមុខសញ្ញាចាស់ជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ឌុបសង្សារម្នាក់ បានបុកជាមួយម៉ូតូមួយគ្រឿងទៀត លោកក៏បានចូលទៅជួយសម្រួល និងលើកជនរងគ្រោះ ស្រាប់តែឃើញឈ្មោះ ហាក់ វី អាយុ១៨ឆ្នាំ មានទីលំនៅភូមិ ឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលជាមុខសញ្ញាចាស់ចែកចាយថ្នាំញៀន បានដក់ថង់ថ្នាំញៀនមួយកញ្ចប់ គ្រវែងចោលក្នុងប្រឡាយគ្មានទឹក ភ្លាមនោះលោកបានឃាត់ខ្លួនតែម្តង។
លោកបានបន្តថា លោកបានទៅរើសថង់ថ្នាំញៀននោះ និងនាំខ្លួនជនសង្ស័យ ទៅកាន់អធិការដ្ឋាននគរបាលក្រុង ហើយធ្វើការឆែកឆេរ ឃើញមានថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន១៦គ្រាប់ និងប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ធំ។
ក្រោយពីធ្វើការឃាត់ខ្លួន និងឆែករកឃើញបទល្មើសជាក់ស្តែង លោកបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕ ដោយ៖ ពៅ សុខហ៊ាន
ប្រភព ពី http://www.ann.com.kh/
ប្រភព ពី http://www.ann.com.kh/


0 comments:
Post a Comment