ភ្នំពេញៈ លោក សត្យា រក្ស ដែលត្រូវបានគេស្គាល់ថា គឺជាអ្នកដែលនិយាយកាន់ជើងរដ្ឋាភិបាលបានវាយប្រហារដោយពាក្យសម្តីម្តងហើយ ជាមួយនឹងឯកសារជាសំឡេងដែលក្នុងឯកសារជាសំឡេងនោះលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងខ្លាំងក្លាជាមួយគណបក្សប្រជាជនកម្ពុជារៀបរាប់អំពីទ្រឹស្តីឃុបឃិតគ្នាមួយដែលថាមជ្ឈមណ្ឌលធ្វើទារុណកម្មស្នូលរបស់ខ្មែរក្រហម គឺជារឿងអាថ៌កំបាំង។
លោក កឹម សុខា កាលពីម្សិលមិញ បានបដិសេធមិនធ្វើការអត្ថាធិប្បាយទេ អំពីឯកសារសំឡេងនោះ ដែលគេឮសម្តីរបស់លោកអះអាងថា ពុំមានមន្ទីរធ្វើទារុណកម្មស‑២១ នៃរបបខ្មែរក្រហមទេ។
លោក ជុំ មី និងលោក ប៊ូ ម៉េង ជនរងគ្រោះនៃមន្ទីរស‑២១ បានគំរាមដាក់ពាក្យប្តឹងលោក កឹម សុខា ប្រសិនបើលោកមិនសុំទោសចំពោះការធ្វើអត្ថាធិប្បាយបែបនោះក្នុងឯកសារសំឡេង ដែលបានបង្ហោះដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី ២០ ខែឧសភា ហើយដែលបក្សប្រឆាំងថា ជាសំឡេងកាត់តឡើងនោះ។
លោក កឹម សុខាបាននិយាយក្នុងឯកសារសំឡេងនោះថា៖ «ហេតុអ្វីគុកទួលស្លែងនៅទីនោះ? ខ្ញុំគិតថា ខ្មែរក្រហមមិនមែនភ្លើទេ?» «បើពួកគេ [ខ្មែរក្រហម] បានដឹងថា ពួកគេជាឃាតក ហេតុអ្វីពួកគេមិនបំផ្លាញភ័ស្តុតាងផ្ទុយទៅវិញរក្សាទិដ្ឋភាពនោះដើម្បីបង្ហាញ និងថតរូប។ នេះជាឆាករៀបចំឡើង ខ្ញុំជឿជាក់ផ្ទាល់ខ្លួនខ្ញុំថាវាត្រូវបានរៀបចំឡើង»។
លោក សុន ឆ័យ នៃគណបក្សសង្គ្រោះជាតិ បានថ្លែងកាលពីម្សិលមិញថា លោកបាននិយាយជាមួយនឹងលោក កឹម សុខា ដែលប្រាប់លោកថា សំឡេងរបស់លោក ដែលថ្លែងប្រាប់ក្រុមប្រជាជនត្រូវបានកាត់តក្រៅបរិបទ។ លោកបន្ថែមថា៖ «គាត់ថា គេត្រូវពិនិត្យមើលបញ្ហាសម្លាប់នេះដោយយកចិត្តទុកដាក់ និងស្វែងរកមូលហេតុថាតើហេតុអ្វីមនុស្សច្រើនបែបនេះត្រូវបានសម្លាប់កុំឲ្យរដ្ឋាភិបាលបច្ចុប្បន្នប្រើប្រាស់ការសម្លាប់ប្រជាជនកម្ពុជាច្រើនបែបនេះ មកឃោសនា»។ទាំងនោះជាពាក្យសម្តីរបស់មេដឹកនាំខ្មែរក្រហម រាប់ទាំងលោក នួន ជា [ជនសង្ស័យនៅសាលាក្តី] ពួកគេបានបដិសេធថា វាមិនមានទេ ហើយលោកថា លោកបានលើកឡើងថា ពួកគេនិយាយថា គុកនេះបានបង្កើតដោយវៀតណាម ។ល។លោកសុន ឆ័យ បានកត់សម្គាល់ថា លោក កឹម សុខា ជាជនរស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលបាត់បង់ឪពុកដោយសាររបបនេះ។
លោក កឹម សុខា បានបដិសេធមិនធ្វើការអត្ថាធិប្បាយ ពីព្រោះគាត់នឿយហត់មិនចង់ឆ្លើយតបទៅនឹងការវាយប្រហារដោយពាក្យសម្តីជាប្រចាំ របស់គណបក្សប្រជាជនទៅលើរូបគាត់។ លោក សុន ឆ័យ បានថ្លែងថា៖ «នេះជាផ្នែកនៃភាពកង្វក់មួយដែលយើងបានជួបប្រទះ ពេលគណបក្សប្រជាជនកម្ពុជាប្រើយុទ្ធសាស្រ្តនោះ»។
លោក កឹម សុខា និងលោក សម រង្ស៊ី ដែលរួមដៃគ្នាបង្កើតគណបក្សសង្គ្រោះជាតិបានក្លាយជាគោលដៅនៃការវាយប្រហារដោយពាក្យសម្តីជាបន្តបន្ទាប់ ក្នុងឯកសារជាសំឡេងដែលចេញផ្សាយពីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សដែលអធិប្បាយដោយលោក សត្យា រក្ស អ្នកអត្ថាធិប្បាយកាន់ជើងគណបក្សប្រជាជនកម្ពុជាដែលមានចំណងជើងថា «បុរសខ្លាំងទាំងពីរប្រយុទ្ធគ្នា» ហើយក្នុងឯកសារជាសំឡេងនេះ លោក សត្យា រក្ស បានរៀបរាប់អំពីការបែកបាក់រវាងអ្នកទាំងពីរ។
ប៉ុន្តែខណៈដែលឆាកមុនៗមានផលប៉ះពាល់តិចតួចមកលើសាធារណជន ដែលផ្តោតលើការខ្វែងគំនិតគ្នារវាងមេដឹកនាំទាំងពីររូប នៅមុនពេលគណបក្សបង្រួបបង្រួមគ្នាឯកសារជាសំឡេងចុងក្រោយបំផុតនេះ ប៉ះពាល់ខ្លាំងមកលើអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ លោក ជុំ មី អ្នករស់រានមានជីវិតពីមន្ទីរស‑២១ បានថ្លែងថា លោក និងលោក ប៊ូ ម៉េង អ្នករួចរស់ជីវិតម្នាក់ទៀតបានទុករយៈពេល១០ ថ្ងៃឲ្យលោក កឹម សុខា គិតចាប់ពីថ្ងៃទី២៤ ខែឧសភា ដើម្បីឲ្យគាត់សុំទោសចំពោះការអត្ថាធិប្បាយរបស់គាត់។ លោកថ្លែងថា៖«បើគាត់មិនសុំទោសចំពោះជនរងគ្រោះនៃគុកទួលស្លែងទេ ខ្ញុំ និងលោក ប៊ូ ម៉េង ជាតំណាងជនរងគ្រោះនឹងដាក់ពាក្យបណ្តឹងប្រឆាំងលោកសុខា ដើម្បីរកយុតិ្តធម៌»។
លោក ឌី កាំប៉ូលី នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានថ្លែងថា មានការបកស្រាយបែបនយោបាយអំពីព្រឹតិ្តការណ៍ជាប្រវតិ្តសាស្រ្ត ដែលបានកើតឡើងក្នុងអំឡុងរបបខ្មែរក្រហម ក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ។ ទ្រឹស្តីមួយគិតថា គុកទួលស្លែង ជាកន្លែងឧក្រិដ្ឋកម្មដែលបង្កើតឡើងដោយវៀតណាម ដើម្បីផ្តល់ភាពត្រឹមត្រូវចំពោះការកាន់កាប់របស់វៀតណាម នៅក្រោយឆ្នាំ១៩៧៩ ដែលផ្ទុយទៅនឹងអ្វីដែលបានបញ្ជាក់រួចហើយតាមវិទ្យាសាស្រ្ត។ លោកលើកឡើងថា៖«អ្នករាល់គ្នាដឹងថា ទួលស្លែងជាមន្ទីរសន្តិសុខថ្នាក់កំពូលខ្មែរក្រហមដែលមនុស្សចំនួន ១៤០០០ នាក់ ត្រូវបានគេសម្លាប់»។
លោកបន្តថា៖ «ខ្ញុំគិតថា ជាជនរងគ្រោះពីគុកទួលស្លែង លោក ជុំ មី និងលោក ប៊ូ ម៉េង នឹងរងការឈឺចាប់ទ្វេដង ដោយសារតែការផ្លាស់ប្តូរការពិតនៃប្រវតិ្តសាស្រ្តហើយខ្ញុំជឿថា ការសុំទោសអាចជួយឲ្យលោក ជុំ មី និងលោក ប៊ូ ម៉េង រើពីការឈឺចាប់នេះ»។
លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថា លោកស្រីងឿងឆ្ងល់ថាតើ សំឡេងនោះពិតឬយ៉ាងណា? ប៉ុន្តែថា ទោះពិតមិនពិតក៏ដោយ ក៏ប៉ុន្តែវានឹងមានផលប៉ះពាល់តិចតួចមកលើសំឡេងឆ្នោតផងដែរ។ លោកស្រីបន្ថែមថា៖ «ពីរខែមុនការបោះឆ្នោត ប្រជាជនភាគច្រើនបានសម្រេចចិត្តរួចហើយ ពួកគេដឹងថា តើគណបក្សនយោបាយណាដែលពួកគេនឹងបោះឆ្នោតឲ្យលើកលែងតែមានព្រឹត្តិការណ៍ឬការផ្លាស់ប្តូរធំ»។
លោក សត្យា រក្ស ពុំអាចទាក់ទងបានទេ កាលពីម្សិលមិញ ហើយលោក ទិត្យ សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រត្តិកម្មរហ័ស បានបិទទូរស័ព្ទរបស់អ្នកយកព័ត៌មាន៕ TK
Monday, 27 May 2013
វង្ស សុខេង និង David Boyle
ភ្នំពេញ ប៉ុស្តិ៍
វង្ស សុខេង និង David Boyle
ភ្នំពេញ ប៉ុស្តិ៍


0 comments:
Post a Comment