ភ្នំពេញៈ ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់នៅទូទាំងពិភពលោក កាលពីថ្ងៃចន្ទបានចូលរួមធ្វើបាតុកម្ម ទាមទារឲ្យអង្គការសហប្រជាជាតិ UN ដើរតួនាទីសំខាន់ក្នុងការស៊ើបអង្កេតចំពោះការលួចបន្លំសន្លឹកឆ្នោត ដែលបានកើតឡើងជាទូទៅ នៅក្នុងការបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី ២៨ ខែ កក្កដា។
លោក ព្រំ សោណូរ៉ា សមាជិកក្រុមប្រឹក្សា នៃសមាគមខ្មែរអាមេរិកកាំង ដើម្បីសិទិ្ធមនុស្ស និងលទិ្ធប្រជាធិបតេយ្យ បានឲ្យដឹងថា មនុស្សប្រហែល ១០០០ នាក់ បានចូលរួមធ្វើបាតុកម្ម នៅខាងក្រៅអគារអង្គការសហប្រជាជាតិនៅបុរី ញូវយ៉ក ខណៈមនុស្សរាប់រយនាក់ ចូលរួមធ្វើការតវ៉ានៅអគារអង្គការសហប្រជាជាតិក្នុងទីក្រុង Los Angeloes ទីក្រុង វ៉ាស៊ីនតោន ឌីស៊ី និងទីក្រុងជាច្រើនទៀត។ លោក សោណូរ៉ា ថ្លែងថា៖ «យើងមើលឃើញតែដំណោះស្រាយមួយគត់ គឺប្រសិនបើអង្គការសហប្រជាជាតិ មិនចូលរួមទេនោះ វានឹងមិនអាចដោះស្រាយបញ្ហាបោះឆ្នោតនៅកម្ពុជាដោយយុត្តិធម៌បានឡើយ។ បើទោះបីជាលទ្ធផលនៃការបោះឆ្នោត បានប្រកាស ហើយគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតក៏ដោយ ក៏ប៉ុន្តែ លោក ហ៊ុន សែន នឹងមិនអនុញ្ញាតឲ្យពួកគេកាន់អំណាចឡើយ»។
ចាប់តាំងពីយប់ថ្ងៃ ទី ២៨ ខែ កក្កដានៅពេលលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាសលទ្ធផលបឋមថា គណបក្សប្រជាជនឈ្នះ ៦៨ អាសនៈ ហើយគណបក្សសង្គ្រោះជាតិឈ្នះ ៥៥ អាសនៈ សមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានរិះគន់លទ្ធផលបឋមរបស់គណបក្សប្រជាជននេះ ដោយចោទអំពីការក្លែងបន្លំ និងបានគំរាមធ្វើមហាបាតុកម្ម ប្រសិនបើមិនមានការបង្កើតគណៈកម្មការឯករាជ្យមួយ ដែលមានការចូលរួមពីអង្គការសហប្រជាជាតិ ដើម្បីធ្វើការស៊ើបអង្កេតភាពមិនប្រក្រតី ដែលបានកើតឡើង នៅក្នុងការបោះឆ្នោតទេនោះ។ នៅពេលក្រោយមក គណបក្សប្រជាជន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថា ការចូលរួមរបស់អង្គការសហប្រជាជាតិនៅក្នុងគណៈកម្មការស៊ើបអង្កេតដែលស្នើឡើងដោយគណបក្សប្រឆាំងនោះ គឺខុសច្បាប់។
លោក សោណូរ៉ា បានបន្ថែមថា ការធ្វើបាតុកម្មក៏បានធ្វើឡើងនៅប្រទេស កាណាដា អូស្រ្តាលី និង ណូវេសេឡង់ផងដែរ។ ប្រជាពលរដ្ឋខ្មែរផ្សេងទៀត គ្រោងធ្វើបាតុកម្មនៅប្រទេស បារាំង នៅថ្ងៃទី ២៤ ខែ សីហា និងទីក្រុង ហ្សឺណែវ នៅថ្ងៃទី ២៦ ខែ សីហា។ លោក ថ្លែងទៀតថា៖ «បាតុករពិតជាខកចិត្ត ព្រោះគេដឹងថា … មានអ្នកលួចបន្លំសន្លឹកឆ្នោត»។
លោក គល់ បញ្ជា នាយកប្រតិបតិ្តនៃអង្គការខុម ហ្វ្រែល បានឲ្យដឹងថា បើទោះបីជាអង្គការសហប្រជាជាតិបានដើរតួនាទីសកម្ម ក្នុងការរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យលើកទី១នៅ កម្ពុជាក្នុងឆ្នាំ ១៩៩៣ ហើយផ្តល់មូលនិធិដល់ការបោះឆ្នោតបន្តបន្ទាប់ រហូតដល់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំមុនក៏ដោយ ក៏ប៉ុន្តែ បច្ចុប្បន្ន អង្គការសហប្រជាជាតិ ពុំមានសិទិ្ធផ្លូវច្បាប់ ជ្រៀតចូលមកក្នុងកិច្ចការបោះឆ្នោតឡើយលើកលែងតែរដ្ឋាភិបាល កម្ពុជាស្នើសុំ។
លោក បញ្ញា បន្ថែមថា ទោះជាយ៉ាងណា ការធ្វើបាតុកម្មទូទាំងពិភពលោកអាចដាក់សម្ពាធថែមទៀត មកលើគណបក្សកាន់អំណាច ដើម្បីអនុញ្ញាតឲ្យអង្គការសហប្រជាជាតិ ដើរតួនាទីកាន់តែធំ ក្នុងការស៊ើបអង្កេតទៅលើភាពមិនប្រក្រតីក្នុងការបោះឆ្នោត។ «ខ្ញុំគិតថា គេមិនអាចមិនយកចិត្តទុកដាក់លើបាតុកម្មឡើយ។ គេខិតខំព្យាយាមមិនអើពើ ប៉ុន្តែវាមិនមែនងាយស្រួលទេ»៕ TK
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍
Read more: http://www.cambodiapage.info/?p=11372#ixzz2ccB0F91A


0 comments:
Post a Comment