ភ្នំពេញៈ អ្នកគ្រប់គ្រងកម្មវិធីល្បីឈ្មោះជើងចាស់ដែលដឹកនាំកម្មវិធីឲ្យស្ថានីយទូរទស្សន៍បាយ័នឲ្យមានប្រជាប្រិយភាពនាពេលកន្លងមក គឺលោក អាត ទៀនមេត្តា បានដាក់ពាក្យលាឈប់ជាបុគ្គលិករបស់ទូរទស្សន៍នេះទៀតហើយ ដោយប្រភពនៅស្ថានីយទូរទស្សន៍បាយ័នបានឲ្យដឹងថា ដោយសារតែលោក អាត ទៀនមេត្តា បានទទួលរងគំនាបការងារ និងអយុត្តិធម៌ច្រើនពេកពីលោក ទិត ថាវរិទ្ធ ជាអគ្គនាយករងរបស់ស្ថានីយ។
នៅពេលសួរអំពីរឿងនេះ លោក អាត ទៀនមេត្តា បានទទួលស្គាល់ ដោយលោកបានឲ្យដឹងថា ដើមចមនៃការធ្វើទុក្ខបុកម្នេញរបស់លោក ទិត ថាវរិទ្ធ មកលើលោកបានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៥ នៅពេលដែលលោកទិត ថាវរិទ្ធ បានឲ្យប្រាក់លោក៥០០ដុល្លារទៅធ្វើការងារក្រៅផ្លូវការធំមួយនៅខេត្តសៀមរាបហើយលោកបានចំណាយលើសប្រាក់ដែលមានចំនួន៧៥ដុល្លារដោយសារការជួលរថយន្តដឹកម៉ាស៊ីនភ្លើងបន្ថែម។ លុះនៅប៉ុន្មានខែក្រោយមកលោក ទិត ថាវរិទ្ធ ក៏បានប្រើលោកឲ្យដឹកនាំការប្រគំតន្ត្រីមួយនៅពេលសាលារាជធានីបានទទួលពានទីក្រុងស្អាតនៅប្រទេសកាណាដា ហើយដោយសារតែលោកដាក់ពាក្យស្នើសុំប្រាក់ដែលបុគ្គលិកចំណាយលើការហូបចុកនៅក្នុងអំឡុងពេលនៃការប្រគំតន្ត្រីនោះក៏កើតឡើងជារឿងដែរ។
លោក មេត្តា បាននិយាយថា៖«ដោយសារតែមានរឿងឥតឈប់បែបនេះ ខ្ញុំក៏បានដាក់ពាក្យឈប់នៅដើមឆ្នាំ២០០៦ម្តងមកហើយ លុះរយៈពេល៧ខែទើបជំនួយការលោកជំទាវហ៊ុន ម៉ាណា បានហៅខ្ញុំចូលធ្វើការវិញហើយនៅពេលនោះខ្ញុំបានកាន់កម្មវិធីជាច្រើន តែខ្ញុំនៅតែគេចមិនផុតពីការតាមឈ្នានីសរបស់លោក ទិត ថាវរិទ្ធ បានដូចជាកម្មវិធីតន្ត្រីស្រុកស្រែអ៊ីចឹង គាត់(ទិត ថាវរិទ្ធ) បាននិយាយថា គាត់ចាក់សាំងឡានមកមើលកម្មវិធីខ្ញុំ ដោយចាយអស់លុយផ្ទាល់ខ្លួនច្រើនណាស់ គាត់និយាយអ៊ីចឹង គឺគាត់ចង់ឲ្យខ្ញុំនឹងឲ្យលុយគាត់ខ្លះ សូកប៉ាន់គាត់ខ្លះ។ បញ្ហាទាំងនោះហើយ កាន់តែធ្វើឲ្យខ្ញុំមានសម្ពោធទ្វេដង ហើយនៅពេលស្ថានីយមានកម្មវិធីធំៗ គេមិនឲ្យខ្ញុំចូលរួមទេ»។ លោកបន្តថា៖«ទោះបីជាយ៉ាងណា ខ្ញុំស៊ូទ្រាំនឹងការមើលងាយ មិនឲ្យតម្លៃពីលោកទិត ថាវរិទ្ធ អស់រយៈពេលជិត១០ឆ្នាំតែអ្វីៗក៏មានដែនកំណត់ដែរ»។
លោក អាត ទៀនមេត្តា ក៏បានដាក់ពាក្យលាឈប់ពីស្ថានីយទូរទស្សន៍បាយ័ន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៣ នៅពេលលោក ទិត ថាវរិទ្ធ បានចោទប្រកាន់លោកថា ជាមនុស្សចូលចិត្តយកមុខមាត់ និងបានប្រើពាក្យមើលងាយលោកតាមរយៈប្រព័ន្ធ Whatsapp ឲ្យបុគ្គលិកបាយ័នដឹងទាំងអស់គ្នា ជាសាធារណៈ ហើយក្រោយមានបញ្ហាមួយថ្ងៃ លោក ទិត ថាវរិទ្ធ ក៏បញ្ជាឲ្យជំនួយការនិងអ្នកផ្សេងធ្វើការរបស់លោកជំនួសដោយគ្មានផ្តល់ដំណឹង។
អ្នកគ្រប់គ្រងកម្មវិធីរូបនេះបានបញ្ជាក់ខ្លាំងៗថា៖«ខ្ញុំអត់ទ្រាំយូរហើយ ដូច្នេះក៏ដល់ពេលដែលខ្ញុំលែងទទួលយកបានដែរ តែបើលោកជំទាវផ្តល់ឱកាសឲ្យខ្ញុំបន្តធ្វើការនៅបាយ័នម្តងទៀត ខ្ញុំសុខចិត្តធ្វើជាអ្នកបើកឡានក៏បានដែរ តែបើឲ្យខ្ញុំធ្វើការក្រោម ទិត ថាវរិទ្ធ ទៀត គឺខ្ញុំមិនអាចធ្វើបានទេ»។
អ្នកផលិតកម្មវិធីធំៗនៅបាយ័នរូបនេះបានឲ្យដឹងថា លោក ទិត ថាវរិទ្ធ ជាមនុស្សធ្វើការប្រកាន់បក្ខពួក បែងចែកការងារមិនស្មើគ្នា ពិសេសមិនផ្តល់តម្លៃដល់បុគ្គលិកចាស់ដែលមានបទពិសោធនោះទេ ពេលខ្លះគាត់លើកយករឿងអតីតកាលរបស់បុគ្គលិកមកនិយាយបង្អាប់ឲ្យអ្នកផ្សេងបានដឹងឮគ្រប់គ្នា។
លោកបាននិយាយថា៖«ខ្ញុំមានរឿងនៅទូរទស្សន៍បាយ័ន រហូតដាក់ពាក្យឈប់នេះជារឿងផ្ទាល់ខ្លួនជាមួយ ទិត ថាវរិទ្ធ ។ គាត់ប្រកាន់បក្ខពួក បែងចែកការងារមិនស្មើគ្នា។ អ្នកប្រឹងធ្វើការងារមិនសូវបានផលល្អប៉ុន្មាននោះទេ តែបើអ្នកថ្មីចូលមកចេះអែបអបគឺល្អរហូតទោះអត់ចេះស្អីក៏ដោយ។ ភាគច្រើនគាត់លើកតម្កើងពួកក្មេងៗ ដែលធ្វើឲ្យបុគ្គលិកភាគច្រើនមិនសប្បាយចិត្ត។ ដូចនៅពេលប្រជុំអីហ្នឹង ចូលចិត្តនិយាយដើមអ្នកនេះ ប្រាប់អ្នកនោះ ហើយនិយាយអ្វីអាងយកបញ្ជាលោក ជំទាវ ហ៊ុន ម៉ាណា មកនិយាយណាស់»។
លោក មេត្តា បានឲ្យដឹងថា លោកខិតខំប្រឹងប្រែងអត់ដែលមានថ្ងៃសម្រាកទេ គឺដើម្បីឲ្យការងារនៅទូរទស្សន៍ល្អ តែអ្វីដែលលោកទទួលមកវិញគឺភាពខុសឆ្គង មានកំហុសគ្រប់យ៉ាង។ ពិសេសលោក ទិត ថាវរិទ្ធ ជាមេតែងតាមរំខានរហូត ទោះបីជាលោកធ្វើការងារក្រៅពីស្ថានីយទូរទស្សន៍ក៏ដោយ។ ដោយឡែកនៅពេលនិយាយដល់លោកស្រី ហ៊ុន ម៉ាណា វិញ លោក មេត្តា បានឲ្យដឹងថា បុគ្គលិកទាំងអស់គោរពស្រឡាញ់គ្រប់គ្នា តែកំហុសកើតពីអ្នកទទួលការងារមកធ្វើបន្ត។
អ្នកគ្រប់គ្រងដែលធ្លាប់មានបទពិសោធដឹកនាំកម្មវិធីជាង១០ឆ្នាំរូបនេះបាននិយាយថា៖«ចំពោះលោកជំទាវវិញ អ្នកណាក៏គោរពស្រឡាញ់ដែរ ព្រោះលោកជំទាវតែងផ្តល់ដំបូន្មានល្អៗឲ្យបុគ្គលិកទាំងរួមគ្នាធ្វើការឲ្យបានល្អ តែអ្នកទទួលការងារមកធ្វើបន្តគឺមិនដែលយកទ្រឹស្តី និងដំបូន្មានលោកជំទាវមកអនុវត្តទេធ្វើឲ្យបុគ្គលិកបែងចែកបក្ខពួក និងមានអ្នកដាក់ពាក្យឈប់ជាបន្តបន្ទាប់ហើយសម្រាប់ខ្ញុំវាឆ្អែតនឹងកំហុសដែលគេតាមចាប់ពេកហើយ ដូច្នេះខ្ញុំក៏សម្រេចចិត្តឈប់នៅពេលនេះ»។
ជុំវិញការលើកកកាយរបស់លោក អាត ទៀនមេត្តា ពាក់ព័ន្ធនឹងជម្លោះជាមួយលោក ទិត ថាវរិទ្ធ ក្រោយដាក់ពាក្យឈប់នៅបាយ័ននោះ លោក ទិត ថាវរិទ្ធ អគ្គនាយករងអគ្គនាយកដ្ឋានស្ថានីយទូរទស្សន៍ និងវិទ្យុ បាយ័ន បានឲ្យដឹងថា នោះជាទស្សនៈផ្ទាល់ខ្លួនរបស់លោក អាតទៀនមេត្តា។
លោក ទិត ថាវរិទ្ធ និយាយថា៖«បងគ្រាន់តែចង់ឆ្លើយតបថា ការនិយាយនោះជារឿងផ្ទាល់ខ្លួនរបស់គាត់ ខ្ញុំអត់ដែលមានបញ្ហាអ្វីជាមួយគាត់ទេ។ ការបែងចែកការងារគឺយើងមើលទៅតាមសមត្ថភាពមនុស្ស។ យើងធ្វើការលើប្រព័ន្ធផ្សព្វផ្សាយ យើងមានគូប្រកួតច្រើន។ បើខាងស្ថាប័នគេរីកចម្រើន យើងក៏ចង់ឲ្យស្ថាប័នរបស់យើងរីកចម្រើនដូចគេដែរ។ អ៊ីចឹងហើយយើងតែងទូន្មានបុគ្គលិកយើងឲ្យប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឯង រកអ្វីដែលថ្មី កុំឲ្យនៅដដែល។ អ៊ីចឹងប្អូនអាចសួរបុគ្គលិករបស់ខ្ញុំទាំងអស់។ បើអ៊ីចឹងមែន ហេតុអ្វីខ្ញុំអាចធ្វើការជាមួយនឹងបុគ្គលិករបស់ខ្ញុំទាំងអស់ លើកលែងតែគាត់។អ៊ីចឹងគឺវាអាស្រ័យលើសមត្ថភាព ដោយសារបញ្ហាសមត្ថភាពមិនសូវល្អអ៊ីចឹងហើយ ទើបខ្ញុំតែងនិយាយជាមួយពួកគាត់»។
ទោះបីជាយ៉ាងណា លោក ទិត ថាវរិទ្ធ បានទទួលស្គាល់ចំណុចមួយថា៖«ប៉ុន្តែខ្ញុំទទួលស្គាល់បញ្ហាមួយ ដែលធ្វើឲ្យមានការថ្នាំងថ្នាក់ ព្រោះខ្ញុំតែងតែលើកទៅលើមនុស្សជំនាន់ថ្មីខ្ញុំតែងនិយាយថា ប្អូនៗជំនាន់ក្រោយគេមានការរីកចម្រើន គេយល់ដឹងច្រើនពីការច្នៃប្រឌិត អ៊ីចឹងយើងគួរលួចអ្វីដែលចំណុចល្អរបស់គេ យើងមិនអាចដើរតាមតែអ្វីដែលយើងធ្លាប់មាននោះទេ។ គឺមានតែប៉ុណ្ណឹង ខ្ញុំអត់ដែលមានទំនាស់អ្វីជាមួយគាត់ទេ គាត់ល្អជាមួយខ្ញុំ ខ្ញុំក៏មិនធ្វើអាក្រក់អ្វីជាមួយគាត់»។
លោកបន្តថា៖«យើងជា Producerត្រូវយល់ឲ្យច្បាស់ យើងត្រូវឈរបញ្ជានៅក្រោយឆាកថា យ៉ាងម៉េច តែគាត់ចូលចិត្តទៅឈរនៅខាងមុខមហាជន គាត់ធ្វើឲ្យបាត់បង់ភាពថ្លៃថ្លូររបស់ក្រុម គាត់ឈរនៅមុខមនុស្សរាប់ពាន់នាក់ គាត់ចង្អុលនៅមុខឆាក តែខ្ញុំមិនបានស្តីបន្ទោសគាត់ទេ ខ្ញុំគ្រាន់តែ Message ទៅគាត់ថា ពុំគួរធ្វើអ្វីនៅមុខមហាជនទេ គួររៀនសូត្រឲ្យប្រសើរជាងមុន ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមានសមត្ថភាពល្អប្រសើរ តែបើយើងអត់ពូកែធ្វើការងារផ្សាយផ្ទាល់ទេ យើងគួរធ្វើការងារថតទុកវិញទៅ ខ្ញុំនិយាយតែប៉ុណ្ណឹង គាត់ក៏អន់ចិត្តអ៊ីចឹងទៅ»។
ការប៉ះគ្នានាំថ្នាំងថ្នាក់នោះ លោក ទិត ថាវរិទ្ធ បានបញ្ជាក់ថា៖«ខ្ញុំចង់ឲ្យមានភាពជឿនលឿន ធ្វើមេគេបើប្រាប់ឲ្យកូនចៅមានការជឿនលឿនគេអត់ធ្វើតាម យើងឈឺចាប់យ៉ាងម៉េច ខ្ញុំចង់ឲ្យគេល្អអ៊ីចឹងប្អូនអាចមកសួរបុគ្គលិករបស់ខ្ញុំទាំងអស់បានថា គេមើលឃើញយ៉ាងម៉េច មើលឃើញដូចខ្ញុំអត់? ខ្ញុំហ៊ានធានា ខ្ញុំយកកិត្តិយសខ្ញុំមកនិយាយ មានមនុស្សច្រើនណាស់មើលឃើញថាគាត់ជាមនុស្សអ៊ីចឹង។ ក្នុងនាមជាមេគាត់ ហើយក៏ជាមេល្អម្នាក់ បើខ្ញុំស្តីបន្ទោសគាត់ពីរបីម៉ាត់ គាត់យកដាក់ក្នុងចិត្តអ៊ីចឹង គាត់ធ្វើការដឹកនាំយ៉ាងម៉េច?»។
ពាក់ព័ន្ធនឹងលោក អាត ទៀនមេត្តាថា លោក ទិត ថាវរិទ្ធ តាមរំខានគ្រប់ពេលនោះ អគ្គនាយករងបាយ័ន ថា៖«ខ្ញុំអត់ដែលដឹងថា គាត់មានការងារក្រៅយ៉ាងម៉េចទេ រឿងកំប៉ិកកំប៉ុកអ៊ីចឹង ខ្ញុំអត់មានពេលរំខានគាត់ទេ តើមានប្រយោជន៍អ្វីដល់ខ្ញុំ»។
សម្រាប់ការលាឈប់របស់លោក អាត ទៀនមេត្តា លោក ទិត ថាវរិទ្ធ បាននិយាយថា៖«ខ្ញុំអត់មានបានបញ្ឈប់គាត់ទេ គឺគាត់ឈប់ដោយខ្លួនឯង។ ខ្ញុំហ៊ាននិយាយថា បន្ទាប់ពីគាត់ដើរចេញ កម្មវិធីដែលគាត់ធ្លាប់កាន់គឺកាន់តែល្អ ព្រោះគេចេះធ្វើគាត់អត់ចេះធ្វើ ហើយរឿងគាត់ឈប់ខ្ញុំអត់បានឃើញសំណើរបស់គាត់សំបុត្ររបស់គាត់ទេ គឺគាត់ឈប់ទៅ តែកម្មវិធីយើងនៅតែធ្វើយ៉ាងរលូន»។
ដោយឡែកអ្វីដែលគេល្បីថា លោក ទិត ថាវរិទ្ធ និយមតែបក្ខពួកនោះ លោកបានបញ្ជាក់ថា៖«ខ្ញុំអត់ដែលមានបងប្អូនមកធ្វើការពេញស្ថានីយទូរទស្សន៍បាយ័នទេ តែគេមិនសប្បាយចិត្តនឹងយើងគេចេះតែនិយាយ។ បើនិយាយពីរឿងបក្ខពួកគឺយើងប្រកាន់ជាមួយនឹងអ្នកមានសមត្ថភាពឬ អត់ ខ្ញុំមិនបដិសេធថា ខ្ញុំមិនប្រកាន់បក្ខពួកទេ តែខ្ញុំចង់បញ្ជាក់ថា ខ្ញុំតែងឲ្យការងារទៅមនុស្សមានសមត្ថភាព។ មួយទៀតខ្ញុំចង់សួរថា តើខ្ញុំប្រកាន់បក្ខពួកត្រង់ណា បើProducer ជាង១០នាក់ម្នាក់កាន់កម្មវិធី៣ដូចគ្នានោះ? បើអ្នកមានសមត្ថភាពគេធ្វើទៅ តែបើអ្នកអត់សមត្ថភាពធ្វើយ៉ាងម៉េចបើបាត់ចំណូលនោះ?»។
ពាក្យចាស់ពោលថា «ទឹកត្រជាក់ត្រីកុំ» ចុះបើការដឹកនាំរបស់លោក ទិត ថាវរិទ្ធ ពិតជាល្អមែននោះ ហេតុអ្វីបានជាបន្ទាប់ពីការលាឈប់របស់លោក អាត ទៀនមេត្តា នេះ ក៏ស្រាប់តែតាមប្រភពនៅស្ថានីយទូរទស្សន៍បាយ័នបានឲ្យដឹងផងដែរថា អ្នកគ្រប់គ្រងល្បីឈ្មោះម្ចាស់ពានរង្វាន់អ្នកគ្រប់គ្រងកម្មវិធីដ៏មានប្រជាប្រិយប្រចាំឆ្នាំ២០១២ គឺលោក គង់ វិសាលក៏ត្រៀមដាក់ពាក្យលាឈប់ផងដែរ។
លោក គង់ វិសាល បានទទួលស្គាល់ព័ត៌មាននេះ តែលោកសុំបដិសេធមិនបកស្រាយច្រើននោះទេ។ លោកនិយាយដោយខ្លីថា៖«តាមពិតរឿងរ៉ាវ វាមានច្រើនតែខ្ញុំក៏បានត្រៀមខ្លួនរួចហើយដែរនៅពេលណាមានឱកាសល្អថ្ងៃណាមួយខ្ញុំនឹងសុំជួបលោកជំទាវអគ្គនាយិកា ហ៊ុន ម៉ាណានិយាយរឿងនេះ ព្រោះមានតែលោកជំទាវទេ ទើបអាចជួយដោះស្រាយបញ្ហាទាំងនោះបាន»។
ទស្សនិកជនកំពុងចាំមើលថា តើភាពរង្គោះរង្គើទូរទស្សន៍បាយ័ននឹងទៅជាយ៉ាងណានៅពេលខាងមុខ បើបុគ្គលិកនិងអ្នកគ្រប់គ្រងមិនត្រូវគ្នាបែបនេះ៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍
Read more: http://www.cambodiapage.info/kh/


0 comments:
Post a Comment