ទូរទស្សនិកជននៃប៉ុស្តិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍បានសម្តែងនូវការភ្ញាក់ផ្អើលមួយបន្ទាប់ពីបានទស្សនាការផ្សាយផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍នេះ កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៣ ម្សិលមិញ ទាក់ទងនឹងការផ្សាយអំពីលិខិតរបស់ប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតដែលផ្ញើជូនឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដោយអ្នកបច្ចេកទេសបាន សរសេរអក្សរធំៗសាជាថ្មីថា «គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សំរាប់ការបោសឆ្នោត» ទៅវិញ។
ការសរសេរអក្ខរាវិរុទ្ធអក្សរខ្មែរខុសឆ្គងរបស់ប៉ុស្តិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ពីត្រឹមត្រូវថា «បោះឆ្នោត» ទៅជា «បោសឆ្នោត» ធ្វើឲ្យមជ្ឈដ្ឋានទូទៅរិះគន់យ៉ាងខ្លាំងថា ប៉ុស្តិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ទាំងមូលបែរជាសរសេរអក្សរខ្មែរខុសធ្ងន់ធ្ងរសឹងមិនគួរឲ្យជឿ។ លើសពីនេះទៀតមជ្ឈដ្ឋានអ្នករិះគន់បានចោទជាសំណួរថា ក្នុងស្ថានភាពនៃការបោះឆ្នោតកំពុងត្រូវបានគេរកឃើញមានភាពមិនប្រក្រតី រីឯប៉ុស្តិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍សរសេរអក្សរខ្មែរខុសពី «បោះឆ្នោត» ទៅជា «បោសឆ្នោត» ដូច្នេះ តើប៉ុស្តិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ បោសសន្លឹកឆ្នោតយកទៅទុកនៅឯណា? ឬក៏យកទៅឲ្យគណបក្សនយោបាយណាមួយ ដែលខ្លួនពេញចិត្ត?
គួរបញ្ជាក់ជូនដែរថា ប៉ុស្តិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍មានអគ្គនាយិកាឈ្មោះ ឃឹម រ៉ានី ដែលត្រូវជាភរិយារបស់ឯកឧត្តមបណ្ឌិត កៅ គឹមហួន ជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី ដូច្នេះប៉ុស្តិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍នេះមានទំនោរទៅរកនិន្នាការនយោបាយគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងពេញទំហឹង។
មជ្ឈដ្ឋានអ្នកសិក្សាស្រាវជ្រាវអក្សរសាស្ត្រខ្មែរបាននិងកំពុងសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងទៅនឹងការប្រើប្រាស់អក្ខរាវិរុទ្ធ អក្សរខ្មែរខុសឆ្គង មានប្រភពចេញមកពីបណ្តាស្ថានីយ៍ទូរទស្សន៍ធំៗ និងសារព័ត៌មានធំៗ ដូចជា ប៉ុស្តិ៍ទូរទស្សន៍បាយ័ន របស់កូនស្រីសម្តេចនាយករដ្ឋមន្ត្រីក្តី និងប៉ុស្តិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍នេះក្តី ពីព្រោះភាសា និងអក្សរ ដែលប្រើជាផ្លូវការគឺភាសា និងអក្សរខ្មែរ ដូចមានចែងក្នុងមាត្រា ៥ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ផ្ទុយទៅវិញប្រសិនបើប្រជាពលរដ្ឋខ្មែរប្រើប្រាស់ភាសា និងអក្សរខ្មែរខុសឆ្គងមានន័យថា មិនឲ្យតម្លៃជាតិសាសន៍ខ្មែរខ្លួនឯង ដែលមានអក្សរសាស្ត្រប្រើស្រាប់ជាយូលង់ណាស់មកហើយនោះ ហើយក៏មានន័យថា មិនប្រតិបត្តិតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕
ប្រភពពី ដើមត្នោត
Read more: http://www.cambodiapage.info/kh/


0 comments:
Post a Comment