លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោកកឹម សុខា អនុប្រធានគណបក្ស នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែសីហានេះ បានចុះទៅជួបប្រជាពលរដ្ឋក្នុងស្រុកចំនួនពីរនៅខេត្តកណ្តាល ដើម្បីបង្ហាញមុខចំពោះអ្នកគាំទ្រដែលបានបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រ នីតិកាលទី៥ កាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដាកន្លងទៅនេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា លោកសម រង្ស៊ី និងកឹម សុខា នឹងចុះជួបសំណេះសំណាលសួរសុខទុក្ខ និងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងស្រុកស្អាង និងស្រុកកោះធំ ដែលបានបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ។
ការចុះជួបសំណេះសំណាលប្រជាពលដ្ឋនៅខេត្តកណ្ដាល ពីសំណាក់មេដឹកនាំគណបក្សសង្គ្រោះជាតិនេះ គឺបន្ទាប់ពីលទ្ធផលបណ្ដោះអាសន្ន បង្ហាញថា គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងគាំទ្រពីខេត្តនេះច្រើនជាងគេ។
មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ បានឲ្យដឹងបន្ថែមថា ការចុះជួបប្រជាពលរដ្ឋពីសំណាក់មេដឹកនាំសំខាន់ៗគណបក្សសង្គ្រោះជាតិ នាពេលនេះដែរ ក៏ដើម្បីទទួលពាក្យបណ្ដឹងប្រជាពលរដ្ឋដែលមិនបានបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា កន្លងទៅនេះផងដែរ។
សំលេងៈ
គួរជម្រាបជូនផងដែរ អនុប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចហ៊ុន សែន កាលពីថ្ងៃទី០២ ខែសីហាម្សិលមិញ ក៏បានចុះជួយស្ទូងស្រូវដល់ប្រជាកសិករ និងមើលប្រឡាយទឹក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តកណ្ដាលនោះដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផងដែរ។
ការចុះទៅមូលដ្ឋានពីសំណាក់ សម្ដេចហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជាបែបនេះ គឺបន្ទាប់ពីលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៥ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតនេះ។
យ៉ាងណាក៏ដោយលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជាតិអណ្ណត្ដិទី៥ នឹងត្រូវប្រកាសនៅថ្ងៃទី០៨ កញ្ញា ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ទាប់ពីបានដោះស្រាយបញ្ហាបណ្តឹងនានាជុំវិញការបោះឆ្នោតចប់សព្វគ្រប់៕(ដោយៈឃួន សុភ័ក្រ)
ប្រភពពី វាយោ
Read more: http://www.cambodiapage.info/kh/


0 comments:
Post a Comment