ភ្នំពេញ ៖ លោក កោ វណ្ឌី ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៣បានបើកសវនាការ ប្រកាសសាលក្រមចំពោះមុខនិងកំបាំងមុខជនជាប់ចោទដែលពាក់ព័ន្ធនឹងករណីប្លន់សម្លាប់នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។
សាលក្រមបានប្រកាសចំពោះមុខឱ្យជនជាប់ចោទឈ្មោះ ញ៉ែត សុផល ភេទ ប្រុស អាយុ២៤ឆ្នាំ មានមុខរបរជា កម្មករសំណង់ជាប់ពន្ធនាគារ២០ឆ្នាំនិងកំបាំងមុខឈ្មោះ ស៊ូ បុបា្ពភ័ក្រ ភេទប្រុស ជាប់ពន្ធនាគារ២០ឆ្នាំពីបទលួចមាន ស្ថានទម្ងន់ទោសដោយសារមរណភាព នៃជនរងគ្រោះដែលមានចែងត្រង់មាត្រា ៣៥៣និង៣៦០នៃក្រមព្រហ្មទណ្ឌនិង ចេញដីកាតាមចាប់ខ្លួនឈ្មោះស៊ូ បុបា្ពភ័ក្រ ដើម្បីយកមកផ្ដន្ទាទោសនិង ទុកសិទ្ធិឱ្យដើមបណ្ដឹងរដ្ឋប្បវេណីទាមទារសំណងពេលក្រោយ ។
នៅចំពោះមុខសវនាការជនជាប់ចោទ ញ៉ែត សុផល បានឱ្យដឹងថា នៅថ្ងៃកើត ហេតុគឺថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ ខ្លួននិងបក្ខពួកបាននាំគ្នាទៅស្ដាតអូឡាំពិក ហើយបានឃើញជនរងគ្រោះកំពុងរត់ ហាត់ប្រាណនៅទីនោះ ពួកខ្លួនបាននាំគ្នា រៀបគម្រោងដើម្បីប្លន់យកទូរស័ព្ទរបស់ជនរងគ្រោះ ។ លុះមកដល់ម៉ោងជិត ៧យប់ ស្រាប់តែភ្លើងក្នុងស្ដាតបានដាច់ ពេលនោះបក្ខពួករបស់ខ្លួនបានដើរសំដៅ ទៅរកជនរងគ្រោះដើម្បីធ្វើសកម្មភាព ចាប់ក្រៀកជនរងគ្រោះ ហើយបក្ខពួករបស់ ខ្លួនក៏បានចាក់ទៅលើជនរងគ្រោះ១កាំបិត បណ្ដាលឱ្យជនរងគ្រោះដេកដួលនៅលើដី ហើយរូបខ្លួនក៏ឆក់យកទូរស័ព្ទម៉ាក អាយហ្វូនរត់បាត់ទៅ។ ក្រោយធ្វើសកម្ម ភាពរួចរូបខ្លួនក៏បានរត់ទៅនៅខេត្ដកោះកុង ចំណែកបក្ខពួករបស់ខ្លួនមិនដឹងថា រត់ទៅទីណានោះទេ។ បានប្រហែល៣ខែ ដោយទទួលដំណឹងថា ម្ដាយឈឺរូបខ្លួន ក៏បានត្រឡប់មកភ្នំពេញវិញដើម្បី មើលជំងឺម្ដាយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន តែម្ដងគឺនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ ៕
- ប្រភពពីនគរវត្ត
Read more: http://www.cambodiapage.info/


0 comments:
Post a Comment