លោករដ្ឋមន្ត្រីក៏បានធ្វើការណែនាំ និងអំពាវនាវដល់អ្នកលេងFaceBookទាំងអស់ សុំកុំឲ្យមានការវាយប្រហារគ្នាពីរឿងនិន្នាការនយោបាយរបស់គណបក្សនីមួយៗ ក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣-២០១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដាខាងមុខនេះ។
ការអំពាវនាវនេះធ្វើឡើងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៣នេះ បន្ទាប់ពីសង្កេតឃើញថា អ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងព័ត៌មានតាមបណ្តាញFaceBook បានប្រើប្រាស់ប្រព័ន្ធឧបករណ៍មួយនេះធ្វើការវាយប្រហារគ្នាអំពីនិន្នាការនយោបាយរបស់គណបក្សនីមួយៗ ក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
នៅក្នុងពិព័រណ៍ពាណិជ្ជកម្ម និងជំនួបធុរកិច្ចរវាងកម្ពុជា និងម៉ាឡេស៊ី ដែលត្រូវបានធ្វើឡើងក្នុងផ្សារទំនើបស៊ីធីម៉លលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ដូច្នេះថា «ក្នុងFaceBook ក៏ដូចជានៅក្នុងប្រព័ន្ធ Internetនោះដែរ គឺកម្ពុជាជាប្រទេសតែមួយគត់ ដែលពុំមានគម្រោងនឹងគ្រប់គ្រងផ្នែកនេះនោះទេ ប៉ុន្តែក្នុងFaceBook គឺយើងអំពាវនាវឲ្យអ្នកប្រើFaceBookនោះមានសីលធម៌ខ្លួនឯង ដូចជានៅក្នុងប្រព័ន្ធសារព័ត៌មានដូច្នេះដែរ។
លោក ខៀវ កាញារីទ្ធ បានបន្តថា អ្នកប្រើFaceBookទាំងអស់គួរណាស់ត្រូវចេះជួយណែនាំគ្នាអំពីបញ្ហាដែលកើតមាននេះ។ «យើងឃើញថា នាពេលឃោសនាបោះឆ្នោតនេះ មានការជេរគ្នាច្រើនដំបូង គឺជេរច្រើនមែនទែន។ ប៉ុន្តែយើងក៏ឃើញអ្នកប្រើFaceBookខ្លះទៀត គាត់បានជូនមតិ គាត់បានរិះគន់អ្នកដែលប្រើសំដីជេរគ្នា ហើយឥឡូវហ្នឹងយើងឃើញថា បានថយច្រើនដែរ។ នៅមានអ្នកជេរ ប៉ុន្តែវាមានតិចជាងមុន។ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា សំខាន់សីលធម៌អ្នកប្រើ FaceBook ដែលទាញខ្លួនឲ្យដើរតាមផ្លូវត្រឹមត្រូវនោះវាជាការល្អណាស់ ប៉ុន្តែរដ្ឋាភិបាលគ្មានគម្រោងទៅត្រួតត្រានៅលើFaceBookហ្នឹងបានទេ ហើយយើងក៏គ្មានមនុស្សគ្រប់គ្រាន់ទៅគ្រប់គ្រងបញ្ហានឹងដែរ»។
គួរបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្ម និងជំនួបធុរកិច្ចរវាងកម្ពុជា និងម៉ាឡេស៊ី ដែលត្រូវបានធ្វើឡើងក្នុងផ្សារទំនើបស៊ីធីម៉លក្នុងរយៈពេល៣ថ្ងៃពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដានេះ មានក្រុមហ៊ុនម៉ាឡេស៊ីជាង៥០ក្រុមហ៊ុនមកចូលរួម ដើម្បីផ្លាស់ប្តូរគ្នាទៅវិញទៅមកអំពីបច្ចេកវិទ្យា(IT)ថ្មី ក៏ដូចជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាថ្មីនេះឲ្យមានការរីកចម្រើន៕
________________
ប្រភពព័ត៌មាន៖ កម្ពុជាថ្មី
ប្រភពព័ត៌មាន៖ កម្ពុជាថ្មី
