គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

11:30 PM
ហ៊ុន សែន ព្រំដែន ៣០៥
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយ​បំភ្លឺ​នៅ​សភា​ជាតិ រឿង​ព្រំដែន​ជាមួយ​វៀតណាម កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២។
RFA/Sok Serey
ទន្ទឹម​នឹង​គណបក្ស​នយោបាយ​កំពុង​បើក​យុទ្ធនាការ​រក​សំឡេង​គាំទ្រ​នៅ​មុន​ការ​បោះឆ្នោត​ត្រូវ​ចាប់​ផ្ដើម​នោះ វិទ្យុ និង​ទូរទស្សន៍ ទាំង​រដ្ឋ និង​ឯកជន ក៏​កំពុង​ផ្សព្វផ្សាយ​ពេញ​បន្ទុក​នូវ​សារ​នយោបាយ​របស់​លោក ហ៊ុន សែន អំពី​បញ្ហា​ព្រំដែន​ដែរ។ ទោះ​បី​លោក​នាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​ប្រកាស​ថា មិន​ធ្វើ​យុទ្ធនាការ​ឃោសនា​ដោយ​ខ្លួន​ឯង​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​នេះ​យ៉ាង​ណា​ក្តី។
បញ្ហា​នេះ ត្រូវ​បាន​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​នយោបាយ​ខ្លះ​យល់​ឃើញ​ថា នេះ​ជា​ការ​បញ្ចេញ​សារ​នយោបាយ​ស្វែង​រក​ការ​គាំទ្រ​ជំនួស​ឲ្យ លោក ហ៊ុន សែន ខណៈ​ដែល​យុទ្ធនាការ​នេះ​ស្រប​ពេល​លោក​នាយក​រដ្ឋមន្ត្រី​កំពុង​ស្ថិត​នៅ​ក្នុង​សភាព​ស្ងៀមស្ងាត់។
ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គេ​ជឿ​ថា មាន​ទំនោរ​គាំទ្រ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាំ​ផ្ទះ កំពុង​ចាក់​ផ្សាយ​សារ​អំពី​រឿង​ព្រំដែន​កម្ពុជា-វៀតណាម យ៉ាង​កងរំពង​តាម​វិទ្យុ ទូរទស្សន៍ ទាំង​រដ្ឋ និង​ឯកជន​សាជាថ្មី​ឡើង​វិញ។
ករណី​នេះ ត្រូវ​បាន​អ្នក​វិភាគ​ការ​វិវឌ្ឍន៍​ស្ថានការណ៍​សង្គម ចាត់​ទុក​ថា វា​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​កម្ដៅ​សាច់​ដុំ​រឿង​នយោបាយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ស្រប​ពេល​ប្រមុខ​ដឹកនាំ​មិន​ចេញ​មុខ​ឃោសនា​ជា​សាធារណៈ​បាន​ទៀត​នោះ។
លោក សុន ឆ័យ បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គិត​ថា នេះ​គឺ​ជា​ការ​រំលោភ​ច្បាប់។ លោក​បន្ត​ថា អ្វី​ដែល​បក្ស​ប្រជាជន​កម្ពុជា កំពុង​បង្កើន​យុទ្ធនាការ​តាម​រយៈ​សារ​របស់​លោក ហ៊ុន សែន បើ​ទោះ​ជា​ដឹង​ថា​ផ្ទុយ​នឹង​ច្បាប់​ក្ដី។ នោះ គឺ​ជា​ការ​ដឹង​មុន​ហើយ​ថា គណបក្ស​គ្រប់គ្រង​អំណាច​នឹង​មិន​អាច​ទទួល​បាន​ការ​គាំទ្រ​ដ៏​ច្រើន​លើសលប់​របស់​ខ្លួន​ដូច​អាណត្តិ​មុនៗ​ទៀត​នោះ​ឡើយ។
«សំឡេង»
ក៏ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បដិសេធ​កាល​ពី​ថ្ងៃ​ទី៩ កក្កដា ថា ការ​ចាក់​ផ្សាយ​ឡើង​វិញ​សារ​របស់​លោក ហ៊ុន សែន នេះ គឺ​ពុំ​មាន​ចេតនា​កេង​ចំណេញ​ផ្នែក​នយោបាយ​ណា​មួយ​នោះ​ទេ។ លោក ផៃ ស៊ីផាន ចាត់​ទុក​ថា តែ​នោះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បំណង​របស់​បក្ស​ប្រឆាំង និង​ប្រើប្រាស់​សិទ្ធិ​ក្នុង​នាម​រដ្ឋាភិបាល ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ជាតិ​មាតុភូមិ​របស់​ខ្លួន​ប៉ុណ្ណោះ។
«សំឡេង»
លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ យល់​ឃើញ​ថា សារ​របស់​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​គ្រប់​អាណត្តិ​នេះ ពុំ​មាន​ឥទ្ធិពល ឬ​ក៏​ប៉ះពាល់​ដល់​យុទ្ធនាការ​បោះឆ្នោត​ឡើយ។ ក៏ប៉ុន្តែ លោក ឡៅ ម៉ុងហៃ គិត​ថា ពិត​ណាស់ អ្វី​ដែល​បាន​រៀបចំ​ឡើង​នេះ គោល​បំណង​របស់​អ្នក​តាក់​តែង គឺ​ចង់​បាន​ការ​គាំទ្រ និង​ចំណេញ​ផ្នែក​នយោបាយ។
«សំឡេង»
លោក ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី២៤ មិថុនា នៅ​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ថា នេះ​ជា​នាទី​ចុង​ក្រោយ​របស់​លោក​ដែល​បង្ហាញ​ខ្លួន​ជា​សាធារណៈ​នៅ​តាម​វេទិកា​នានា មុន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ត្រូវ​ចាប់​ផ្ដើម។ ក៏ប៉ុន្តែ គេ​សង្កេត​ឃើញ​ថា តាម​រលក​ធាតុ​អាកាស រួម​មាន វិទ្យុ និង​ទូរទស្សន៍ ទាំង​រដ្ឋ និង​ឯកជន បាន​ចាក់​ផ្សាយ​ឡើង​វិញ​នូវ​សំឡេង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាង ៥​ម៉ោង នៅ​សភា​អំពី​បញ្ហា​ព្រំដែន​យ៉ាង​ខ្ទរខ្ទារ។
យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​វិភាគ​សង្គម​គិត​ថា នេះ​ជា​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ដើម្បី​នយោបាយ​ក្នុង​រដូវ​កាល​បោះឆ្នោត​នេះ។ អ្នក​វិភាគ​មើល​ឃើញ​ថា សារ​របស់​លោក ហ៊ុន សែន ពី​ការ​ស្រាយ​បំភ្លឺ​ទាក់ទិន​រឿង​ព្រំដែន​រវាង​កម្ពុជា-វៀតណាម គឺ​បង្កប់​ន័យ​ជ្រៅ​រឿង​នយោបាយ ជា​ជាង​ពន្យល់​ផ្នែក​បច្ចេកទេស​ព្រំដែន។
ជាង​នេះ​ទៅ​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើប្រាស់​វេទិកា​ស្រាយ​បំភ្លឺ​រឿង​ព្រំដែន ដោយ​យក​ពេល​វេលា​ដ៏​លើសលប់​របស់​លោក វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ​ទៅ​លើ​ដៃគូ គឺ​បក្ស​ជំទាស់។ នៅ​ពេល​នោះ​ហើយ លោក ហ៊ុន សែន បាន​ក្លាយ​ជា​អ្នក​និពន្ធ ដឹកនាំ​រឿង និង​តួ​សម្ដែង​ដ៏​ប៉ិនប្រសប់។ ចំណែក លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​វិញ បាន​ក្លាយ​ជា​គោលដៅ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហៅ​ថា ជា​កូន​អុក​របស់​លោក​បង្កប់​ក្នុង​បក្ស​ប្រឆាំង​ថែម​ទៀត។
ឆ្លើយ​តប​បញ្ហា​នេះ លោក សុន ឆ័យ អះអាង​ថា នោះ​គឺ​ជា​ល្បែង​របស់ លោក ហ៊ុន សែន ធ្លាប់​លេង ប៉ុន្តែ​លោក​យល់​ថា ល្បែង​នេះ​វា​លែង​មាន​ប្រសិទ្ធភាព​ទៀត​ហើយ។
«សំឡេង»
លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ គិត​ថា អ្វី​ដែល លោក ហ៊ុន សែន ប្រើ​ពេល​ជាង ៥​ម៉ោង​នៅ​រដ្ឋសភា និយាយ​ពី​បញ្ហា​ព្រំដែន​នោះ គឺ​ពុំ​អាច​ចាត់​ទុក​ថា​ជា​ការ​បកស្រាយ​ដោយ​ផ្អែក​តាម​បច្ចេកទេស​នោះ​ឡើយ។ លោក​សង្កេត​ឃើញ​ថា តាម​រយៈ​បទ​អន្តរាគមន៍​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​បក្ស​ប្រឆាំង​នោះ គឺ លោក ហ៊ុន សែន បាន​ប្រើប្រាស់​នាទី​ឡកឡឺយ​ដឺដង និង​ចំអក​ឲ្យ​បក្ស​ប្រឆាំង​ទៅ​វិញ។
«សំឡេង»
ក៏ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក កែម ឡី យល់​ឃើញ​ថា លោក ហ៊ុន សែន ហាក់​បាន​គោរព​ការ​សន្យា​របស់​លោក​បាន​ត្រឹមត្រូវ​ចំពោះ​អ្វី​ដែល​លោក​អះអាង​ថា លោក​នឹង​មិន​ថ្លែង​សារ​ជា​សាធារណៈ​នោះ​ឡើយ ដើម្បី​ចៀសវាង​ការ​រិះគន់​ពី​បក្ស​នយោបាយ និង​អនុវត្ត​តាម​ក្របខ័ណ្ឌ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត។
លោក ហង្ស ពុទ្ធា នាយក​អង្គការ និចហ្វិក (NICFEC) មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ការ​ចាក់​ផ្សាយ​ឡើង​វិញ​អំពី​ការ​បំភ្លឺ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ មិន​ត្រូវ​បាន​គេ​លាតត្រដាង​ថា អាច​មាន​ជាប់​ពាក់ព័ន្ធ​ការ​រក​សំឡេង​គាំទ្រ​ក្ដី ក៏ប៉ុន្តែ នោះ​គឺ​ជា​រូបភាព​នយោបាយ​យ៉ាង​ពិត​ប្រាកដ។ បើ​ទោះ​ជា​យ៉ាង​ណា លោក​គិត​ថា យុទ្ធនាការ​នេះ​នឹង​មិន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​មជ្ឈដ្ឋាន​ទេ។ លោក​បន្ត​ថា ព្រោះ​ព្រឹត្តិការណ៍​ទាំង​នេះ​ត្រូវ​គេ​ដឹង​ជា​សាធារណៈ​រួច​ទៅ​ហើយ។
«សំឡេង»
ការ​បង្ហាញ​វត្តមាន​ជា​ថ្មី​របស់ លោក ហ៊ុន សែន ក្នុង​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ស្រប​ពេល​ព្រឹត្តិការណ៍​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ កំពុង​ចាប់​ផ្ដើម​នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ សម្រាប់​ព្រះរាជ​ពិធី​បុណ្យ​រុក្ខទិវា កាល​ពី​ថ្ងៃ​ទី៩ កក្កដា និង​ការ​ចាក់​ផ្សាយ​ឡើង​វិញ​អំពី​ការ​ស្រាយ​បំភ្លឺ​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម កាល​ថ្ងៃ​ទី៩ សីហា ឆ្នាំ​២០១២។ ករណី​នេះ ត្រូវ​បាន​អ្នក​វិភាគ​គិត​ថា នោះ​គឺ​ជា​រឿង​ដើម្បី​ចំណេញ​នយោបាយ​របស់​លោក ហ៊ុន សែន៕
ប្រភពពី៖ RFA