លោក ខៀវ សំផន ត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុង «របបឧក្រិដ្ឋជនចម្រុះ» រវាងឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដោយមានគោលបំណងបង្កើតរដ្ឋកុម្មុយនីស្ត តាមរយៈការអនុវត្តគោលនយោបាយឧក្រិដ្ឋកម្មចំនួន ៥ គឺ ការជន្លៀសប្រជាជនពីទីក្រុង ការបង្កើតសហករណ៍ ការកម្ទេច «សត្រូវ» ការធ្វើទុក្ខបុកម្មេញជនភាគតិច និងគោលនយោបាយអាពាហ៍ពិពាហ៍។
នៅពេលចាប់ផ្តើមជំនុំជម្រះ ដោយមានទំនុកចិត្តលើភាពយុតិ្តធម៌ លោក ខៀវ សំផន បានសម្តែងនូវឆន្ទៈចង់ពន្យល់ថា បើទោះបីជាលោកបានចូលរួមរបបប៉ុល ពត ក៏ដោយ ក៏ប៉ុន្តែ លោកមិនដែលបានចូលរួមក្នុងការពិភាក្សា ឬការអនុវត្តគោលនយោបាយឧក្រិដ្ឋកម្មទាំងនេះឡើយ។
នៅពេលចាប់ផ្តើមការជំនុំជម្រះអង្គជំនុំជម្រះ បានសម្រេចចិត្តធ្វើការងារដែលតុលាការអន្តរជាតិដទៃទៀតមិនដែលបានធ្វើពីមុនមកគឺបំបែកសំណុំរឿងជារឿងក្តីតូចៗ ជាច្រើន។ គ្មានការលើកចោលការចោទប្រកាន់ដំបូងឡើយ ប៉ុន្តែ ការចោទប្រកាន់ទាំងនោះនឹងត្រូវវិនិច្ឆ័យ ក្នុងការជំនុំជម្រះផ្សេងៗ។ គោលបំណងនៃការបំបែកបទចោទនេះគឺដើម្បីផ្តល់លទ្ធភាពដល់សាលាក្តីក្នុងការចេញសាលក្រម មុនពេលលោក ខៀវ សំផន និងសហជនត្រូវចោទ លែងមានសម្បទាទទួលការជំនុំជម្រះ។
អង្គហេតុដំបូង ដែលអង្គជំនុំជម្រះបានសម្រេចពិនិត្យ ក្នុងការជំនុំជម្រះរឿងក្តីទី១ គឺការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៧៥។ ខណៈដែលព្រះរាជអាជ្ញាបានបដិសេធចំពោះការបំបែកសំណុំរឿងនេះម្តងហើយម្តងទៀត ដែលបានពន្យារពេលនីតិវិធី លោក ខៀវ សំផន បានសម្រេចចិត្តគោរពតាម ដោយសង្ឃឹមថា ការជំនុំជម្រះនឹងលឿនទៅមុខ។ ក្នុងការជំនុំជម្រះរឿងក្តីទី១ អង្គជំនុំជម្រះបានស្តាប់ចម្លើយកាសិណរបស់សាក្សីជាច្រើននាក់ និងបានទទួលយកភ័ស្តុតាងឯកសាររាប់ពាន់ច្បាប់ ដែលបានស្នើដោយព្រះរាជអាជ្ញា។ ប្រឈមនឹងចំនួនឯកសារដ៏ច្រើនបែបនេះ ក្រុមមេធាវីការពារក្តីបានសម្តែងនូវក្តីបារម្ភជាច្រើនដែលចៅក្រមមិនបានយកចិត្តទុកដាក់ឡើយ។
យោងតាមចៅក្រម បានឲ្យដឹងថា តម្លៃនៃឯកសារទាំងនេះ (មិនចាំបាច់និយាយអ្វីទេ) នឹងត្រូវពិភាក្សា និងវាយតម្លៃ នៅចុងបញ្ចប់នៃការជំនុំជម្រះ កាលណាភ័ស្តុតាងទាំងមូលត្រូវបានបង្ហាញរួច។ រយៈពេលប៉ុន្មានសប្តាហ៍មុនពេលចប់ការជំនុំជម្រះលើកទី១ លោក ខៀវ សំផន បានស្នើពេលវេលា និងអគារ ដើម្បីរៀបចំខ្លួនឲ្យសាលាក្តីសាកសួរ ស្នើបញ្ជីប្រធានបទសំណួរ និងឯកសារដែលគាត់គួរត្រៀមរៀបចំដើម្បីឆ្លើយតប ស្នើរយៈពេល ៣ សប្តាហ៍ ដើម្បីត្រៀមរៀបចំ ដោយមេធាវីត្រូវមកជួបលោករៀងរាល់ថ្ងៃ ស្នើផ្តល់ចម្លើយកាសិណនៅពេលព្រឹក ពេលដែលរាងកាយរបស់លោកពុំសូវមានការចុះខ្សោយ។
រយៈពេលប៉ុន្មានថ្ងៃ មុនចប់ការជំនុំជម្រះលើកទី១ បន្ទាប់ពីបានច្រានចោលសំណើទាំងអស់នេះ ចៅក្រម ក៏បានសម្រេចបដិសេធចោលនូវលទ្ធភាពនៃការពិភាក្សាពិតៗ លើភ័ស្តុតាង ដែលបានទទួលយកមកពិចារណា (និងរង់ចាំចៅក្រមទទួលយកមកពិចារណា) ក្នុងអំឡុងពេលជំនុំជម្រះ។ ក្រុមមេធាវីការពារក្តី ឥឡូវនេះ គេប្រាប់ថា ខ្លួនមានឱកាសពិភាក្សាតម្លៃនៃឯកសារដែលព្រះរាជអាជ្ញាចាត់ទុកថា សំខាន់ក្នុងអំឡុងពេលសវនាការ ដែលពុំទាន់កំណត់ពេលសម្រាប់មេធាវីការពារក្តីធ្វើការឆ្លើយតបឡើយ។ ម្យ៉ាងទៀត មេធាវីការពារក្តីមិនត្រូវបានអនុញ្ញាតឲ្យធ្វើសេចក្តីសន្និដ្ឋានមិនលើសពី ១០០ ទំព័រឡើយ ដើម្បី ពិភាក្សាអំពីចម្លើយកាសិណ ៩២ និងឯកសារ ៦៣០០ ដែលពុំទាន់ទទួលយកមកពិចារណានោះ ហើយមានរយៈពេល ៩ ម៉ោង ដើម្បីសង្ខេបទឡ្ហីករណ៍របស់ខ្លួននិងឆ្លើយតបនឹងសេចក្តីសន្និដ្ឋានចំនួន ២០០ ទំព័រ ឯកសារចុងក្រោយនេះនឹងមិនត្រូវបកប្រែជាភាសាដែលលោក ខៀវ សំផន ឬមេធាវីរបស់លោកចេះឡើយ។
ខណៈពេលរារាំង ក្រុមមេធាវីការពារក្តីមិនឲ្យពិភាក្សាភ័ស្តុតាងដែលបានបង្ហាញ នៅក្នុងការជំនុំជម្រះលើកទី១ ដែលផ្តោតលើគោលនយោបាយជម្លៀសប្រជាជនអង្គជំនុំជម្រះ បានប្រកាសគួរឲ្យភ្ញាក់ផ្អើលថា ខ្លួននឹងវិនិច្ឆ័យក្នុងវិសាលភាពនៃការជំនុំជម្រះលើកទី១ ចំពោះការទទួលខុសត្រូវរបស់លោក ខៀវ សំផន ទាក់ទងនឹងគោលនយោបាយឧក្រិដ្ឋកម្មទាំងអស់ដែលបានអនុវត្តដោយរបបប៉ុល ពត។ ទី២ វាមានន័យថា ការជំនុំជម្រះលើកបន្ទាប់ ដែលមានគោលបំណងពិនិត្យលើឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការអនុវត្ត គោលនយោបាយ ៤ ផ្សេងទៀតនោះ នឹងធ្វើឡើង បន្ទាប់ពីការទទួលខុសត្រូវរបស់លោក ខៀវ សំផន ចំពោះគោលនយោបាយ ៤ ផ្សេងទៀតនោះ ត្រូវបានវិនិច្ឆ័យរួចហើយ។
ឥឡូវនេះ វាច្បាស់ថា វាមានភាពលំអៀង។ ក្នុងការរត់ប្រណាំងប្រជែងនឹងការស្លាប់ដែលធ្វើឡើងក្រោមរូបភាពជំនុំជម្រះបទឧក្រិដ្ឋកម្មអង្គជំនុំជម្រះមិនដែលចាប់អារម្មណ៍ លើអ្វីដែលក្រុមមេធាវីការពារក្តីនិយាយទេ។ ដោយកាត់ផ្តាច់មីក្រូហ្វូនរបស់មេធាវីការពារក្តីជាប្រចាំ និងដាក់ទណ្ឌកម្មអ្នកទាំងឡាយដែលតវ៉ា គឺជាសញ្ញាបង្ហាញនូវភាពលំអៀងនោះ។
នៅពេលលោក ខៀវ សំផន ប្រកាសថា លោកគ្មានជម្រើសអ្វីទេ ក្រៅពីនៅស្ងៀម ដោយសារតែសិទិ្ធរបស់លោកក្នុងការទទួលបានការជំនុំជម្រះ ដោយយុតិ្តធម៌ ត្រូវបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរព្រះរាជអាជ្ញាបានស្នើតុលាការផ្តល់ពេលវេលាដល់គាត់ដើម្បីរៀបចំការសាកសួរ។ សំណើនេះគឺជាការបំភ័ន និងគ្មានន័យតាមរបៀបនៃការសម្តែងការជំនុំជម្រះនេះ។ លោក ខៀវ សំផន លែងជឿទុកចិត្តលើចៅក្រម ដែលមិនចាប់អារម្មណ៍ ក្នុងការផ្តល់មធ្យោបាយដល់លោក ដើម្បីពន្យល់ថា បើទោះបីជាលោកបានចូលរួមក្នុងរបបខ្មែរក្រហម ប៉ុន្តែ លោកមិនដែលបានចូលរួមក្នុងការរៀបចំ ឬអនុវត្តគោលនយោបាយឧក្រិដ្ឋកម្មទាំង ៥ នោះឡើយ។ ភាពស្ងៀមស្ងាត់ជាវិធីតវ៉ាតែមួយគត់របស់លោក រហូតដល់សេចក្តីថ្លែងចុងក្រោយ៕ TK
ដោយ Anta Guisse, គង់ សំអុន និង Authur Verch-Ken, មេធាវីការពារ ខៀវ សំផន
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍
