នៅថ្ងៃព្រហស្បតិ៍នេះ អង្គសវនាការនៃសាលាក្តីខ្មែរក្រហមបន្តចោទសួរសាក្សីចុងក្រោយមុននឹងបញ្ចប់អង្គសេចក្តី។ ដំណើរការសវនាការថ្ងៃនេះបានធ្វើឡើងដោយមានវត្តមានចូលរួមពីសំណាក់ជនជាប់ចោទទាំងពីរ។ ខៀវ សំផន អតីតប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យដែលបានប្រើសិទ្ធិមិនឆ្លើយតបនឹងតុលាការជាយូរមកហើយនោះបានចូលរួមស្តាប់សវនាការដោយផ្ទាល់។ ចំណែកឯបងធំទី២ នួន ជា បានត្រឹមចូលរួមស្តាប់សវនាការពីចម្ងាយដោយសារបញ្ហាសុខភាព។
កាលពីថ្ងៃម្សិលមិញ នួន ជា បានប្រកាសប្រើសិទ្ធិមិនឆ្លើយតបនឹងតុលាការដូចខៀវ សំផនដែរ។ ជនជាប់ចោទរូបនេះបានសម្តែងការខឹងសម្បារចំពោះតុលាការដែលរារាំងមិនឲ្យមេធាវីការពារក្តីរបស់ខ្លួនបានចោទសំណួរដែលពួកគេចង់សួរ។ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា តុលាការបានព្យាយាមរារាំងមិនឲ្យមេធាវីការពារក្តី នួន ជា អូសបន្លាយពេលដោយសារតែពួកគេចោទសំណួរដដែលៗ និងមិនចំទៅនឹងអង្គសេចក្តី។
ប៉ុន្តែ នួន ជា បានចោទតុលាការថា បានព្យាយាមពន្លឿនសវនាការឲ្យឆាប់ចប់ដែលធ្វើឲ្យប៉ះពាល់ដល់ការស្វែងរកយុត្តិធម៌ជូនរូបគាត់។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យសាលាក្តីអះអាងថា ការប្រើសិទ្ធិមិនឆ្លើយតបរបស់ជនជាប់ចោទមិនប៉ះពាល់ដល់ដំណើរការតុលាការទេ តែកិច្ចសហការរបស់ជនជាប់ចោទអាចផ្តល់ប្រយោជន៍ដល់ពួកគេខ្លួនឯងទៅវិញទេ។ សវនាការសំណុំរឿង ០០២ វគ្គទី១ បានឈានដល់វគ្គបញ្ចប់នៃអង្គសេចក្តីទៅហើយ។
បើយោងតាមលោក នេត្រ ភក្ត្រា នៅសប្តាហ៍ក្រោយ តុលាការនឹងជម្រាបជូនអំពីនីតិវិធីបន្ត។ គួរបញ្ជាក់ថាសាលាក្តីខ្មែរក្រហមនៅតែគ្មានថវិកាសម្រាប់បើកប្រាក់ខែជូនបុគ្គលិកជនជាតិខ្មែរដដែល។ រហូតមកទល់នឹងពេលនេះនៅមិនទាន់មានប្រទេសណាផ្តល់ជំនួយបន្ថែមនៅឡើយទេ៕
បើយោងតាមលោក នេត្រ ភក្ត្រា នៅសប្តាហ៍ក្រោយ តុលាការនឹងជម្រាបជូនអំពីនីតិវិធីបន្ត។ គួរបញ្ជាក់ថាសាលាក្តីខ្មែរក្រហមនៅតែគ្មានថវិកាសម្រាប់បើកប្រាក់ខែជូនបុគ្គលិកជនជាតិខ្មែរដដែល។ រហូតមកទល់នឹងពេលនេះនៅមិនទាន់មានប្រទេសណាផ្តល់ជំនួយបន្ថែមនៅឡើយទេ៕
ប្រភពពី RFI
