សមាគមយុវជនខ្មែរគ្រោងនឹងបញ្ជូនសារតាម SMS ទៅកាន់ទូរសព្ទដៃរបស់យុវជននៅទូទាំងប្រទេស ដើម្បីអំពាវនាវឲ្យពួកគេមានការចូលរួមកាន់តែច្រើន ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី ២៨ ខែកក្កដាខាងមុខ។ មេដឹកនាំសមាគមឲ្យដឹងថា ពួកគេនឹងប្រើប្រាស់ហ្វេសប៊ុក បញ្ជូនសារ ប្រសិនបើមានក្រុមហ៊ុនទូរសព្ទណាភ័យខ្លាចមិនសហការជាមួយ។
សមាគមនយុវជនខ្មែរ (KYA) បាននឹងកំពុងបញ្ជូនសារជាបណ្តើរៗហើយ តាមបណ្តាញសង្គម ហ្វេសប៊ុករបស់ពួកគេ ដើម្បីអំពាវនាវឲ្យយុវជនចូលរួម និងទៅបោះឆ្នោតឲ្យបានកាន់តែច្រើន។ លោក ម៉ាក ចំរើន, ប្រធានសមាគមយុវជនខ្មែរ បានប្រាប់វិទ្យុបារាំង RFI ថា សមាគមកំពុងជ្រើសរើសសារល្អៗ ដែលរៀបរៀងឡើងដោយយុវជន ហើយបង្ហោះចេញតាមហ្វេសប៊ុក។ លោក ម៉ាក ចំរើន បញ្ជាក់ថា ជាគោលដៅរបស់សមាគម នឹងស្នើសុំកិច្ចសហការជាមួយនឹងក្រុមហ៊ុនទូរសព្ទដៃ មួយចំនួននៅក្នុងស្រុកខ្មែរ ដើម្បីមានលទ្ធភាពបញ្ជូនសារ SMSទៅកាន់យុវជនតាមរយៈទូរសព្ទដៃរបស់ពួកគេ មួយសប្តាហ៍មុនការបោះឆ្នោត។
ក៏ប៉ុន្តែប្រហែលជាមានសង្ឃឹមតិចតួចណាស់ដែលថាក្រុមហ៊ុនទូរសព្ទដៃនៅក្នុងប្រទេសព្រមសហការជាមួយនឹងសមាគម ដោយលោកប្រធានសមាគមយល់ថា អាចជាការព្រួយបារម្ភមួយសម្រាប់ក្រុមហ៊ុនទូរសព្ទទាំងអស់ ដែលព្រមបញ្ជូនសារនយោបាយ ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល, នេះបើតាមលោក ម៉ាក ចំរើន។
ដោយឡែក ចំពោះសារខ្លីៗដែលបានរៀបចំនោះ ត្រូវបានសមាគមនយុវជនខ្មែរបង្ហើបឲ្យដឹង ថាមានដូចជា «យុវជនគឺជាម្ចាស់ឆ្នោត ដូច្នេះយុវជនត្រូវតែទៅបោះឆ្នោត», «ការបោះឆ្នោតគឺជាការផ្ទេរអំណាចដោយសន្តិវិធី», «លើកកំពស់ការបោះឆ្នោត ដោយសេរីត្រឹមត្រូវនិងយុត្តិធម៌», យុវជនមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត សុំទៅបោះឆ្នោតឲ្យបានគ្រប់គ្នា» ។ល។និង។ល។
សូមបញ្ជាក់ថា ការបោះឆ្នោតអាណត្តិនេះ មានលក្ខណៈប្លែកពីពេលកន្លងទៅដោយមានការកត់សម្គាល់ថា យុវជនមានការចូលរួមច្រើន ចាប់តាំងពីយុទ្ធនាការឃោសនាបោះឆ្នោតដែលបានចាប់ផ្តើមកាលពី ថ្ងៃទី ២៧ខែមិថុនា កន្លងទៅនេះ។ ហើយគណបក្សនយោបាយទាំងអស់សុទ្ធតែបានយកចិត្តទុក្ខដាក់ និងមានគោលនយោបាយសម្រាប់យុវជន។ បន្ថែមពីលើនេះសមាគមយុវជនខ្មែរបានអំពាវនាវបន្ថែមទៀត ដើម្បីឲ្យយុវជនយល់ដឹងពីការបោះឆ្នោតកាន់តែច្រើន ដោយសារពួកគេជាសសរទ្រូងប្រទេសជាតិ៕
ប្រភពពី RFI
