គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:37 PM
image (2)មន្ត្រី​រាជការ​នៅ​ក្រសួង​ព័ត៌មាន បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឲ្យ​ស៊ើប​អង្កេត​ជុំវិញ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក​នាយកដ្ឋាន​បុគ្គលិក និង​ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​បក្ខពួក ថា​បាន​ឃុបឃិត​គ្នា​ទារ​លុយ​ពី​មន្ត្រី​រាជការ ជា​ថ្នូរ​នឹង​ការ​សុំ​សិទ្ធិ​ប្រឡង​ប្ដូរ​ក្របខ័ណ្ឌ​មន្ត្រី។
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ស្នើ​ឲ្យ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ពិនិត្យ និង​ដោះស្រាយ​បន្ទាន់​ចំពោះ​ករណី​បណ្ដឹង​របស់​មន្ត្រី​ក្រសួង​ក្រោម​ឱវាទ ដែល​បាន​ប្ដឹង​ថា​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​ក្រសួង​ព័ត៌មាន។
ក្នុង​លិខិត​មួយ​ដែល​លោក ឱម យ៉ិនទៀង ផ្ញើ​ទៅ​លោក ខៀវ កាញារីទ្ធ កាល​ពី​ថ្ងៃ​ទី១០ ខែ​មិថុនា ដែល​ទើប​តែ​ចេញ​ផ្សាយ​ជា​សាធារណៈ។ លោក ឱម យ៉ិនទៀង បញ្ជាក់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​មន្ត្រី​រាជការ​នៅ​ក្នុង​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី១ ខែ​ឧសភា ដែល​បាន​ចោទ​ប្រកាន់​លោក​ជំទាវ នង បឿង ជា​អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក​នាយកដ្ឋាន​បុគ្គលិក និង​ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​បក្ខពួក ថា​បាន​ឃុបឃិត​គ្នា​ទារ​លុយ​ថ្លៃ​សុំ​សិទ្ធិ​ប្រឡង​ចំនួន ៣​ម៉ឺន ៥​ពាន់​រៀល ពី​មន្ត្រី​រាជការ​ដាក់​ពាក្យ​ប្រឡង​ប្ដូរ​ក្របខ័ណ្ឌ​ក្នុង​ម្នាក់ និង​បាន​ទារ​លុយ​ចន្លោះ​ពី ៣០០​ដុល្លារ ទៅ ១.២០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ប្រឡង​ជាប់។
លោក ឱម យ៉ិនទៀង បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ពិនិត្យ និង​ដោះស្រាយ​ករណី​ចោទ​ប្រកាន់​នេះ ហើយ​ត្រូវ​ផ្តល់​ជា​របាយការណ៍​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ឲ្យ​អង្គភាព​នេះ​ពិចារណា​ថា គួរ​បើក ឬ​មិន​បើក​ការ​ស៊ើប​អង្កេត។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ទេ នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។
នាយ​ខុទ្ទកាល័យ​ក្រសួង​ព័ត៌មាន លោក ឈុំ សុជាតិ យល់​ថា លិខិត​របស់​លោក ឱម យ៉ិនទៀង ទំនង​ជា​លិខិត​សម្ងាត់ ដែល​ផ្ញើ​ទៅ​ឲ្យ​គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រចាំ​ក្រសួង​ព័ត៌មាន ហើយ​លោក​មិន​បាន​ដឹង​ចំពោះ​បណ្ដឹង​របស់​បុគ្គលិក​ក្រសួង​នោះ​ឡើយ។
យ៉ាង​ណា លោក​ជឿ​ថា ក្រសួង​ព័ត៌មាន នឹង​មិន​ព្រងើយ​កន្តើយ​ចំពោះ​លិខិត​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ផ្ញើ​មក​នោះ​ទេ។ ប៉ុន្តែ វិធាន​ការ​ដោះស្រាយ​យ៉ាង​ណា​ចំពោះ​ជន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​នោះ គឺ​សម្រេច​ទៅ​លើ​គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រចាំ​ក្រសួង ជា​អ្នក​សម្រេច៖ «ជា​គោលការណ៍ យើង​ត្រូវ​តែ​គោរព​ទៅ​តាម​លិខិត​ខាង​អង្គភាព​ដែល​គេ​ផ្ញើ​ជូន​មក​ហើយ។ ប៉ុន្តែ វិធាន​ការ​យ៉ាង​ណាៗ ចំពោះ​បុគ្គល​នោះ គឺ​សម្រេច​លើ​គណៈកម្មការ​ខាង​គណៈកម្មការ​ពុក​រលួយ​នោះ គាត់​បាន​បង្កើត​ក្រុម​ការងារ​របស់​គាត់​មួយ​នៅ​តាម​ក្រសួង​នានា អ៊ីចឹង ដូច​ជា​ខ្ញុំ​អ៊ីចឹង នៅ​ខាង​ខុទ្ទកាល័យ ខ្ញុំ​អត់​អាច​លូក​ដៃ​ចូល​គណៈកម្មការ​នោះ​បាន​ទេ»
ក្រសួង​នានា​បាន​សម្រេច​បង្កើត​គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​តាម​ក្រសួង ដើម្បី​ស៊ើប​អង្កេត​ករណី​អំពើ​ពុក​រលួយ ដែល​គណៈកម្មការ​នេះ​ត្រូវ​ស្ថិត​ជា​ឯករាជ្យ។
ជុំវិញ​ការ​ស៊ើប​អង្កេត​ករណី​អំពើ​ពុក​រលួយ ដែល​ធ្លាយ​ចេញ​នៅ​ក្រសួង​ព័ត៌មាន វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក ប្រាថ្នា និង​ជា​ប្រធាន​គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រចាំ​ក្រសួង​ព័ត៌មាន បាន​ទេ ដោយ​លោក​មិន​លើក​ទូរស័ព្ទ។
របាយការណ៍​អង្គការ​តម្លាភាព​អន្តរជាតិ កាល​ពី​ឆ្នាំ​២០១២ រក​ឃើញ​ថា កម្ពុជា ត្រូវ​បាន​ចាត់​ចូល​ក្នុង​បណ្ដា​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ច្រើន​ជាង​គេ​បំផុត គឺ​ស្ថិត​នៅ​លេខ​រៀង​ទី១៥៧ ក្នុង​ចំណោម​ប្រទេស​១៧៤។ អង្គការ​នេះ​ក៏​ទើប​តែ​រក​ឃើញ​ថា មាន​ស្ថាប័ន​ចម្បង​ចំនួន​៤ ដែល​មាន​អំពើ​ពុក​រលួយ​ច្រើន​ជាង​គេ​នៅ​កម្ពុជា គឺ​ស្ថាប័ន​តុលាការ ប៉ូលិស មន្ត្រី​សាធារណៈ និង​គណបក្ស​នយោបាយ។ មន្ត្រី​គណបក្ស​ប្រឆាំង​ធ្លាប់​អះអាង​ថា ថវិកា​ជាតិ​ដែល​បាត់​បង់​ដោយសារ​អំពើ​ពុក​រលួយ មាន​ចំនួន​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕
ប្រភពពី RFA