ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯសណ្ឋគារភ្នំពេញ កាលពីម្សិលមិញនេះ លោកឈាង វុន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា បើសិនជាមានរដ្ឋាភិបាលចំរុះជាមួយគណបក្សសង្គ្រោះជាតិនោះប្រជាធិបតេយ្យលែងមានន័យទៀតហើយ។
នៅក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យតែងតែមានគណបក្សកាន់អំណាចនឹងគណបក្សប្រឆាំង ដែលប្រឆាំងក្នុងន័យស្ថាបនា ដើម្បីឲ្យប្រជាពលរដ្ឋមានសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំ។
ដែលក្នុងន័យនេះលោកឈាង វុន ចង់បញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាដែលទទួលបានអាសនៈ៦៨ នៅក្នុងរដ្ឋសភានៅអាណត្តិនេះ និងមិនចាប់ដៃគូជាមួយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងបង្កើតរាជរដ្ឋាភិបាល អាណតិ្តទី៥ នោះឡើយ គឺគណបក្សចាញ់ឆ្នោតធ្វើជាគណបក្សប្រឆាំង តែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជា។
លោកឈាន វុន បានបន្ថែមឲ្យដឹងទៀតថា ចំពោះលទ្ធផលបោះឆ្នោតជ្រើសតាំងអ្នករាស្ត្រ នីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ប្រជាពលរដ្ឋទទួលស្គាល់ និងប្រគល់ភារកិច្ចជូនសម្តេច ហ៊ុន សែន ដឹកនាំនយោបាយជាតិតទៅទៀត ដើម្បីដោះស្រាយបញ្ហាជាច្រើន។
លទ្ធផលបឋមនៃការបោះឆ្នោតបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន ៦៨អាសនៈ ដែលនេះជាជ័យជំនះរបស់ប្រជាពលរដ្ឋខ្មែរ។ លោកឈាង វុន បន្តទៀតថា យើងសង្ឃឹមថា ទៅថ្ងៃមុខគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ គឺជាដៃគូប្រជាធិបតេយ្យដ៏ល្អនៅក្នុងប្រទេសកម្ពុជាហើយរួមគ្នាកសាងប្រទេសជាតិ។
គូរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ មានគណបក្សនយោបាយចំនួន៨ ចូលរួមប្រកួតប្រជែងក៏ប៉ុន្តែមានតែគណបក្ស២ប៉ុណ្ណោះ ដែលប្រជាពលរដ្ឋគាំទ្រ គឺគណបក្សប្រជាជនកម្ពុជាទទួលបាន ៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ៕(ដោយៈឆេង សូរិយា)
ប្រភពពី វាយោ FM


0 comments:
Post a Comment