ជនសង្ស័យ៣នាក់នៃក្រុមភេរវកម្មនេះ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១ ខែកក្កដា ពេលធ្វើសកម្មភាពចែកអាវ និងនាឡិកាដែលមានស្លាកសញ្ញាក្រុមភេរវកម្មចលនាអំណាចពលរដ្ឋខ្មែរនោះ ។ ក្នុងបេសកកម្មនោះ មានអាវយឺតចំនួន១០៩អាវ ដែលមានអក្សរសរសេរញុះញង់អោយប្រជាជន «ប្រឆាំងការបោះ ឆ្នោតបង្គ្រប់កិច្ចដែល គ្មានសេរីនិងយុត្តិធម៌» ត្រូវបានប៉ូលីសរឹបអូសយក ខណៈពេលដែលជនសង្ស័យទាំង៣នាក់នោះ កំពុងធ្វើការចែកទៅឲ្យពលរដ្ឋក្នុង ខេត្តបន្ទាយមានជ័យ ។
ដោយឡែកសម្ភារៈដទៃទៀតដែលគេរឹបអូសយកពីជនសង្ស័យទាំង៣នោះដែរ រួមមាននាឡិកាចំនួន៣៤១គ្រឿង វិទ្យុចំនួន២៥គ្រឿង វីស៊ីឌីចំនួន៨៨បន្ទះ និងកុំព្យូទ័រយួរដៃចំណួន២គ្រឿង ។ សកម្មភាពដើរចែកអាវ និងនាឡិកាពី ក្រុមសកម្មជនទាំង៣នាក់នោះ គឺស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និម្មិត ក្រុងប៉ោយប៉ែត និងស្រុកត្រាំកក់ ខេត្តតាកែវ ។
គេហទំព័រប៉ូលីសបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់នោះរួមមាន មួយឈ្មោះ សេរី ប៊ុនឡុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅខេត្តបាត់ដំបង ពីរឈ្មោះ សេង សុម៉េង ហៅដែន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នរស់នៅក្រុងប៉ោយប៉ែត និងម្នាក់ទៀតឈ្មោះ អ៊ុំ ភិរុណ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្រុក កំណើតនៅជំរុំសាយធូ រស់នៅក្រុងប៉ោយប៉ែត ខេត្តបាត់តំបង ៕
