នៅប្រទេសជឿនលឿន ខាងផ្នែកលទ្ធិប្រជាធិបតេយ្យសេរី គេបន់ឲ្យតែដល់ពេលបោះឆ្នោតម្តងៗ គេត្រូវប្រើសិទ្ធិនិងឆន្ទៈផ្ទាល់ខ្លួនដើម្បីធ្វើការសម្រេចចិត្តប្រកបដោយក្តីរីករាយ។
ប្រជាពលរដ្ឋគេមាននិន្នាការគាំទ្របក្សម្ខាងៗគឺគេសប្បាយណាស់ហើយគេចាំមើលមេបក្សរបស់គេនៅលើកញ្ចក់ទូរទស្សន៍ផ្សាយបន្តផ្ទាល់ ជជែកដេញដោលគ្នាពីគោលនយោបាយទាំងក្នុងស្រុក និងក្រៅស្រុកគឺធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋគេធូរធារ ក្នុងន័យបង្កើនគុណភាពជីវិតរស់ឲ្យកាន់តែប្រសើរ។ នៅពេលបោះឆ្នោតហើយភ្លាមគេចាប់ផ្តើមចេញលទ្ធផលភ្លាមៗដែរ ចាំអ៊ុតមើលតាមដានលទ្ធផល ដូចមើលលទ្ធផលបាល់ទាត់អ៊ីចឹង បើបក្សរបស់ខ្លួនឈ្នះឆ្នោតគឺហ៊ោកញ្ជ្រៀវ រីឯបក្សដែលចាញ់នោះគឺទទួលយកដោយសុទ្ធចិត្ត។ ចុះហេតុអ្វីបានជានៅស្រុកខ្មែរដល់ពេលប្រកាសលទ្ធផលឆ្នោតម្តងៗ គឺប្រជាពលរដ្ឋតែងតែកើតទុក្ខ និងមានអារម្មណ៍ភ័យព្រួយ ឯបក្សណាចាញ់នោះ ចាប់ផ្តើមឡាំប៉ា មិនទទួលយកលទ្ធផលការបោះឆ្នោតទៅវិញ?
ចាប់តាំងពីមានការចាប់ផ្តើមការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដោយស្របទៅនឹងលទ្ធិប្រជាធិបតេយ្យលើកទី១ នៅឆ្នាំ ១៩៩៣ ដែលរៀបចំដោយ អ៊ុនតាក់នោះគឺ គណបក្ស ហ៊្វុនស៊ិនប៉ិច បានឈ្នះឆ្នោត។ ឯគណបក្សប្រជាជនដែលចាញ់ឆ្នោតកាលនោះ គឺ ឡាំប៉ា ដោយមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយក៏ចាប់ផ្តើមបង្កើតតំបន់អបគមន៍នៅខេត្ត ព្រៃវែង ដឹកនាំដោយលោក ស៊ិន សុង និងព្រះអង្គមា្ចស់ នរោត្តម ចក្រពង្សុ់។ រហូតទាល់តែសម្តេច ឪ ជួយសម្របសម្រួលឲ្យបើកឡានមួយចង្កូតពីរ គឺសហនាយករដ្ឋមន្ត្រី ទើបសុខចិត្ត។ ចំពោះការប្រកាសលទ្ធផលបោះឆ្នោតអាណត្តិ ទី២ឆ្នាំ ១៩៩៨ គឺគណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី ចាញ់ឆ្នោតវិញម្តង ក៏ប្រកាសតវ៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដែល រៀបចំដោយ គ.ជ.ប។
កាលនោះមានបាតុកម្មធំ និងដេកចាំតវ៉ានៅសួនច្បារ មុខវត្ត បទុម មិនយូរប៉ុន្មានកងកម្លាំងក៏បំបែកហ្វូងអស់ ហើយបក្ស ហ៊្វុនស៊ិនប៉ិច បោះចោលបក្ស សម រង្ស៊ី ក៏ទៅចុះចូលនៅជាមួយបក្សប្រជាជនដើម្បីបាន ២ ភាគ ៣នៃសមាជិកសភាសរុបក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ។ នៅពេលប្រកាសលទ្ធផលបោះឆ្នោតអាណត្តិ ទី៣ និង ទី៤ ឆ្នាំ ២០០៣ និង ឆ្នាំ ២០០៨ គឺដូចតែគ្នាបក្សប្រឆាំងនៅតែតវ៉ាមិនទទួលស្គាល់លទ្ធផលការបោះឆ្នោត។
ឥឡូវនេះ ការបោះឆ្នោតនៅអាណត្តិ ទី៥វិញម្តងមិនទាន់បានបោះឆ្នោតផង គណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងបានប្រកាសក្តែងៗថាការបោះឆ្នោតហ្នឹងមិនប្រកបដោយតម្លាភាព និងយុត្តិធម៌ ព្រោះមេបក្សរបស់គេមិនបានឈរឈ្មោះ និងមិនមានឈ្មោះបោះឆ្នោត។ ប្រសិនបើចាញ់ឆ្នោតនោះ គឺនឹងមានការតវ៉ាចំពោះលទ្ធផលការបោះឆ្នោតនោះ។ រីឯបក្សប្រជាជនវិញ គឺលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថ្មីៗនេះហើយថា បើគណបក្សប្រជាជនចាញ់ឆ្នោតគឺនឹងមានសង្គ្រាម។ ចម្ងល់សួរថាតើ សង្គ្រាមជាមួយអ្នកណា? ត្រង់ចំណុចនេះបង្ហាញថាតើកងកម្លាំងប្រដាប់អាវុធមិនមាន អព្យាក្រឹត្យនៅឡើយទេ។ តើត្រូវធ្វើដូចម្តេច បើបក្សមួយៗមិនទាន់ដឹងលទ្ធផលពិតប្រាកដ ឈ្នះ ចាញ់ គ្នាស្រួលបួលផងចាប់ផ្តើមត្រៀមខ្លួន ឡាំប៉ា រួចជាស្រេចបាត់ទៅហើយនោះ? តើកម្ពុជាអាចចាប់ផ្តើមរៀនរបៀបវប្បធម៌ ទទួលយកលទ្ធផលបោះឆ្នោតបានទេ?
ចំណុចដែលអាចចាប់ផ្តើម ទទួលយកលទ្ធផលបោះឆ្នោតគឺមានស្ថាប័ន ៤ ដែលត្រូវតែអព្យាក្រឹតដើម្បីដោះស្រាយវិវាទក្នុងការបោះឆ្នោតម្តងៗ មានដូចជា ស្ថាប័នព័ត៌មាន កងកម្លាំងប្រដាប់អាវុធ ស្ថាប័ន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ។
ស្ថាប័នព័ត៌មាន៖ គួរតែបើកចំហឲ្យប្រព័ន្ធផ្សព្វផ្សាយស្មើៗគ្នា។ កុំឲ្យតែមិនទាន់ដឹងអីផងអាចារ្យ អេ អ្នកអធិប្បាយវិទ្យុក្នុងស្រុក ABC FM107.5MHz គំរាម ម្ចាស់ឆ្នោតបាត់ទៅហើយ ថា បើ បក្សប្រឆំាងឈ្នះឆ្នោតនឹងមានរដ្ឋប្រហារដោយយោធា។
កងកម្លាំងប្រដាប់អាវុធ រួមមាននគរបាល ទាហាន កងរាជអាវុធហត្ថ៖ គួរតែបង្ហាញភាពអព្យាក្រឹតរបស់ខ្លួនឲ្យច្បាស់លាស់ និងមិនត្រូវយកតួនាទីរបស់ខ្លួនទៅឃោសនា ឬក៏លម្អៀងទៅគណបក្សនយោបាយណាមួយនោះទេ។ ឧទាហរណ៍៖ រឿងហេតុការណ៍កើតឡើង ដូចជាថ្មីៗនេះមានការដុតផ្ទះឆេះ ការគំរាមកំហែង និងឃាតកម្មកើតឡើង។ មន្ត្រីនគរបាលឆ្លើយយ៉ាងខ្លីថាព្រឹត្តិការណ៍នេះមិនមែនជារឿងនយោបាយទេ។ តាមពិតខ្លួនមានតួនាទីជាមន្រ្តីនគរបាល មិនមែនជាតុលាការទេ គឺគ្រាន់តែស៊ើបអង្កេត និងតាមចាប់ខ្លួនជនល្មើស រួចហើយកសាងសំណុំរឿងទៅតុលាការជាការស្រេច។
គណៈកម្មការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ៖ ដើរតួនាទីសំខាន់ខ្លាំងណាស់ក្នុងនាមខ្លួនជាអាជ្ញាកណ្តាល គឺធ្វើយ៉ាងម៉េចឲ្យនៅកណ្តាល កុំឲ្យតែគណបក្សប្រឆំាងតវ៉ាថាការបោះឆ្នោតហ្នឹងមិនមានភាពយុត្តិធម៌ មិនសេរីភ្លាម គ.ជ.ប ក៏ឆ្លើយភ្លែតថាគណបក្សប្រឆំាង តែងតែតវ៉ាអ៊ីចឹងរាល់តែដង។
ក្រុមប្រឹក្សាធម្មនុញ្ញ៖ មានតួនាទីដូចតុលាការកំពូលអ៊ីចឹងក្នុងពេលបោះឆ្នោតម្តងៗនោះ។ ជាទូទៅស្ថាប័នមួយនេះ មិនដែលឃើញបានធ្វើអ្វីឲ្យជោគជ័យច្បាស់លាស់នោះទេ គឺគ្រាន់តែបន្លំយកតែរួចខ្លួនហៃអើៗទៅតាមតែ គ.ជ.ប នៅពេលដែលគណបក្សចាញ់ឆ្នោតមកតវ៉ាម្តងៗ មិនមានឆន្ទៈរកដំណោះស្រាយទេ។ ហេតុដូច្នេះ គួរតែជ្រើសរើសសមាជិកថ្មីដែលមានការចូលរួមពីគណបក្សដែលមាន កៅអីនៅសភាជាតិ ដើម្បីឲ្យមានតម្លាភាព និងសមភាពក្នុងការបោះឆ្នោត។ មិនមែនចេះតែលើកបន្តុបៗ ដើម្បីទៅយកលុយរដ្ឋចាយលេងអត់ធ្វើអីនោះទេ។
ចំណុចល្អមួយ ដែលស្រុកខ្មែរគួរតែយកគំរូតាមនោះគឺ នៅសហរដ្ឋអាមេរិក នៅពេលបោះឆ្នោតម្តងៗ នោះគឺព័ត៌មាន ផ្សាយពីគណបក្សដែលប្រកួតប្រជែងដូចគ្នា ហើយកងកម្លាំងប្រដាប់អាវុធរក្សាអព្យាក្រឹត។ ក្នុងករណីដែលលើសពីសមត្ថភាពពីគណៈកម្មការរៀបចំការបោះឆ្នោត គឺគេមានតុលាការកំពូលជាអ្នកសម្រេច ដូចរឿងក្តីក្តាំអំពីលទ្ធផលការបោះឆ្នោតនៅឆ្នាំ ២០០៤ ដែលមានភាពមិនឈ្នះមិនចាញ់ច្បាស់លាស់ចុងក្រោយនៅរដ្ឋ ហ្វ្លរីដា ហើយមានការតវ៉ាទំាង២គណបក្ស ពេលនោះតុលាការជាអ្នកកាត់ក្តីដោយយុត្តិធម៌ គឺបក្សសារធារណរដ្ឋរបស់លោក ប៊ូស ជាអ្នកឈ្នះ រីឯបក្សប្រជាធិបតេយ្យរបស់លោក ឃេរី ជាអ្នកចាញ់ហើយចប់។ ហ្នឹងតុលាការកំពូលគេប្រៀបដូច ក្រុមប្រឹក្សាធម្មនុញ្ញស្រុកយើងអ៊ីចឹងដែរ គេមិនមានទម្លាប់សម្ពឹកដូចយើងទេ។
បើមិនបានអីក៏ពិនិត្យមើលការបោះឆ្នោតនៅប្រទេសថៃ ដែលជាអ្នកជិតខាងយើង គឺបក្សគេឈ្លោះ និងតវ៉ាគ្នាមែន តែកងកម្លាំងរបស់គេនៅរក្សាអព្យាក្រឹតបានល្អ។ ចំណុចនេះគួរសិក្សាស្វែងយល់ផងដែរ៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍


0 comments:
Post a Comment