ថ្វីដ្បិតមិនមានសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតក៏ដោយ ក៏នៅវេលាព្រឹកនៃថ្ងៃបោះឆ្នោតនេះឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដ៏មានប្រជាប្រិយភាពបានអញ្ជើញអមដំណើរលោកជំទាវ ជូឡុង សូមូរ៉ា ជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលេខរៀងទី១របស់គណបក្សសង្គ្រោះជាតិនៅមណ្ឌលរាជធានីភ្នំពេញ ទៅបោះឆ្នោត ក្នុងខណៈប្រដូចទៅនឹងជា «អ្នកសង្កេតការណ៍ក្រៅប្រព័ន្ធ»។
វត្តមានរបស់ឯកឧត្តម សម រង្ស៊ី នៅការិយាល័យបោះឆ្នោតរាជធានីភ្នំពេញ ដែលលោកជំទាវ ជូឡុង សូមូរ៉ា ជាភរិយាអញ្ជើញទៅបោះឆ្នោតនោះ បានធ្វើឲ្យអ្នកបោះឆ្នោតជាច្រើននាក់មានការភ្ញាក់ផ្អើលផង ចាប់អារម្មណ៍ផង និងសោកស្តាយជំនួសឯកឧត្តម សម រង្ស៊ី ផង ដោយឯកឧត្តមជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សនយោបាយប្រឆាំងដ៏ធំមួយនៅកម្ពុជា បែរជាគ្មានសិទ្ធិបោះឆ្នោត និងគ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតជាបេក្ខជនតំណាងរាស្ត្រទៅវិញ។
ពាក់ព័ន្ធនឹងគ្មានឈ្មោះឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សនយោបាយប្រឆាំង ដ៏មានប្រជាប្រិយភាពនៅកម្ពុជា នៅក្នុងបញ្ជីបោះឆ្នោតដូច្នេះ គឺវាបានក្លាយទៅជារឿងចម្លែក និងមិនធ្លាប់មានសម្រាប់អ្នកនយោបាយនៅលើពិភពលោក៕
ប្រភពពី៖ ដើមត្នោត


0 comments:
Post a Comment