សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង លោក ញ៉ឹក ប៊ុនឆៃ ក្នុងពិធីចុះហត្ថលេខារួមគ្នា កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ នៅទីស្ដីការគណៈរដ្ឋមន្ត្រី វិមានសន្តិភាព។
ព្រះកិត្តិនាមសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ស្ទើរមិនមានសារព័ត៌មានណាផ្សព្វផ្សាយអំពីព្រះនាមរបស់ព្រះអង្គនោះឡើយនៅក្នុងការបោះឆ្នោតនីតិកាលទី៥ នេះ ដោយសារតែព្រះអង្គបានឃ្លាតឆ្ងាយពីរឿងនយោបាយ។
ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ជាអតីតអ្នកនយោបាយល្បីឈ្មោះ និងធ្លាប់ជាអតីតនាយករដ្ឋមន្ត្រីទី១ផង។ ថ្មីៗនេះ ព្រះអង្គរងការចោទប្រកាន់ពីអតីតមន្ត្រីថ្នាក់ក្រោមរបស់ព្រះអង្គ ថាព្រះអង្គបានប្រព្រឹត្តអំពើពុករលួយ កាលពីពេលព្រះអង្គនៅជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានអ្នកនាំពាក្យរបស់ព្រះអង្គបដិសេធ ហើយថា ការចោទប្រកាន់នេះ ជាការលាបពណ៌ចង់បង្ខូចព្រះកិត្តិនាមរបស់ព្រះអង្គតែប៉ុណ្ណោះ។
មន្ត្រីនាំពាក្យសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបញ្ចេញប្រតិកម្មចំពោះមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលចោទប្រកាន់សម្ដេចក្រុមព្រះថា ព្រះអង្គបានប្រព្រឹត្តអំពើពុករលួយ និងបក្សនិយមកាលពីព្រះអង្គដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចនោះ។
លោក ប៉ែន សង្ហា ជាអ្នកនាំពាក្យផ្ទាល់របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានប្រសាសន៍នៅថ្ងៃទី១៥ កក្កដា ថា លោក ញឹក ប៊ុនឆៃ ជាអគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិច បានចោទប្រកាន់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ នោះ ថាជារឿងលាបពណ៌ និងគ្មានភស្តុតាងច្បាស់លាស់។ លោក ប៉ែន សង្ហា អះអាងថា ការចោទប្រកាន់បែបនេះ ជារឿងលាបពណ៌ផ្នែកនយោបាយតែប៉ុណ្ណោះ។
ការបញ្ចេញប្រតិកម្មរបស់អ្នកនាំពាក្យសម្ដេចក្រុមព្រះនេះ ធ្វើឡើងបន្ទាប់ពីលោក ញឹក ប៊ុនឆៃ មានប្រសាសន៍ក្នុងកម្មវិធីកិច្ចពិភាក្សារបស់វិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី១៣ កក្កដា ស្ដីពីវិធីដោះស្រាយបញ្ហាមួយចំនួននៅកម្ពុជា ប្រសិនបើគណបក្សហ្វ៊ុនស៊ិនប៉ិច ឈ្នះឆ្នោត។ នៅក្នុងកិច្ចពិភាក្សានោះ លោក ញឹក ប៊ុនឆៃ បានទម្លាក់ទៅលើសម្ដេចក្រុមព្រះតែមួយអង្គគត់ ដែលធ្វើឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច បាត់បង់អ្នកគាំទ្រតាំងពីគណបក្សនេះបានឈ្នះឆ្នោតកាលពីឆ្នាំ១៩៩៣ រហូតស្ទើរតែបាត់បង់អ្នកគាំទ្រស្ទើរតែបាត់សំឡេងនៅក្នុងសភានោះ។
លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា បញ្ហាសំខាន់នៅក្នុងការដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច របស់ព្រះអង្គ គឺមានបក្សពួកនៅក្នុងបក្ស និងប្រព្រឹត្តអំពើពុករលួយតាមរយៈការផ្ដល់តួនាទីរបស់សមាជិកបក្សនៅក្នុងរដ្ឋាភិបាលជាដើម។
ឆ្លើយតបទៅនឹងបញ្ហានេះ លោក ប៉ែន សង្ហា បានលើកជាចម្ងល់ថា តើការចំណាយថវិការបស់គណបក្សហ្វ៊ុនស៊ិនប៉ិច គិតចាប់តាំងពីឆ្នាំ២០០៦ មក មានតម្លាភាពដែរទេ? ដែលជាថវិកាបានមកពីការលក់ទីស្នាក់ការកណ្ដាលគណបក្សនៅក្បែរស្ពានជ្រោយចង្វារ ដែលតុលាការបង្គាប់ឲ្យគណបក្សហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយលោក ញឹក ប៊ុនឆៃ។ ថវិកាលក់ស្នាក់ការគណបក្សនៅស្ទឹងមានជ័យ នៅក្បាលថ្នល់ និងស្នាក់ការនៅតាមបណ្ដាខែត្រមួយចំនួនទៀត។
ទោះបីជាយ៉ាងណាក៏ដោយ លោក ញឹក ប៊ុនឆៃ អះអាងថា ការបង្កើតបក្សពួកនិងការបែងចែកតួនាទីតាមរយៈការសូកប៉ាន់នេះ លោកបានបោសសំអាតក្នុងបក្សអស់ហើយ។ លើសពីនេះទៀត លោកបន្ថែមថា នៅក្នុងការប្រកួតប្រជែងនីតិកាលទី៥ នេះ លោកសង្ឃឹមថា គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងកើនសន្លឹកឆ្នោត បន្ទាប់ពីគណបក្សហ្វ៊ុនស៊ិនប៉ិច បានរួបរួមគ្នាជាមួយគណបក្សជាតិនិយមនោះ។
ទាក់ទងនឹងបញ្ហានេះ លោក ប៉ែន សង្ហា បានពន្យល់ថា ទោះបីជាគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សជាតិនិយមរបស់សម្ដេចក្រុមព្រះ ដែលដឹកនាំដោយលោក សៅ រ៉ានី បានបង្រួមគ្នាក្ដី ប៉ុន្តែលោក ប៉ែន សង្ហា អះអាងថា មន្ត្រីជាន់ខ្ពស់គណបក្សជាតិនិយម ឬគណបក្ស នរោត្តម រណឫទ្ធិ ជាច្រើនទៀត មិនបានចូលរួមជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ទេ មានពីថ្នាក់កំពូលដល់ថ្នាក់មូលដ្ឋាន ដូចជាលោក ឈឹម សៀកឡេង លោក ប៉ុក ថន លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត និងមន្រ្តីជាន់ខ្ពស់ដទៃទៀត។
គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្ស នរោត្តម រណឫទ្ធិ បានចងសម្ពន្ធភាពគ្នារវាងភាគីលោក ញឹក ប៊ុនឆៃ និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីមុនបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០១២ ដោយមានការសម្របសម្រួលពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើឡើងនៅវិមានសន្តិភាព។ ប៉ុន្តែសម្ពន្ធភាពរវាងលោក ញឹក ប៊ុនឆៃ និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នេះ បានរយៈពេលខ្លីក៏បែកបាក់គ្នាជាថ្មីម្ដងទៀត រហូតដល់សម្ដេចក្រុមព្រះបានប្រកាសថា ព្រះអង្គឈប់ធ្វើនយោបាយ។
លុះដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ គណបក្ស នរោត្តម រណឫទ្ធិ ដែលគ្រប់គ្រងដោយលោក សៅ រ៉ានី ជាសមាជិករដ្ឋសភា បានធ្វើសមាជប្ដូរឈ្មោះទៅជាគណបក្សជាតិនិយម ដែលមានលោក សៅ រ៉ានី ជាប្រធានគណបក្ស។ ហើយមួយថ្ងៃក្រោយពីការផ្លាស់ប្ដូរឈ្មោះគណបក្សនេះ គណបក្សជាតិនិយម បានធ្វើសមាជច្របាច់បញ្ចូលគ្នាជាមួយគណបក្សហ៊្វុនស៊ិនប៉ិច បន្តដល់បច្ចុប្បន្ន។ ប៉ុន្តែនៅមានសមាជិកគណបក្សជាតិនិយម មួយចំនួនទៀត ដែលស្មោះនឹងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនទៅចូលរួមជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច នោះទេ។
លោក ប៉ែន សង្ហា បញ្ជាក់ថា ការច្របាច់បញ្ចូលគ្នារវាងគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សជាតិនិយម នេះហើយ ដែលជាកត្តារុញច្រានឲ្យសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចេញពីឆាកនយោបាយរហូតដល់បច្ចុប្បន្ន។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះអង្គទទួលរងនូវការធ្វើសមាជទម្លាក់ព្រះអង្គពីព្រះប្រធានគណបក្សនេះចំនួនពីរលើកហើយ។ កាលពីឆ្នាំ២០០៦ ព្រះអង្គធ្លាប់បានលោក ញឹក ប៊ុនឆៃ ធ្វើសមាជបណ្ដេញព្រះអង្គចេញពីប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បន្ទាប់ពីគណបក្សនេះបែកបាក់ផ្ទៃក្នុង និងធ្វើឲ្យសំឡេងគាំទ្រកាន់តែធ្លាក់ចុះជាលំដាប់នោះ។
កាលពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៤ កន្លងទៅ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ២អាសនៈ និងគណបក្ស នរោត្តម រណឫទ្ធិ ឬគណបក្សជាតិនិយម បាន ២អាសនៈ។ ប៉ុន្តែនៅនីតិកាលទី៥នេះ បន្ទាប់ពីគណបក្សទាំងពីរបានរួមគ្នានោះ តើគណបក្សទាំងពីរនឹងកើនអាសនៈទៀត ឬយ៉ាងណានៅថ្ងៃបោះឆ្នោតទី២៨ កក្កដា ខាងមុខនេះ?
___________________
ប្រភពព័ត៌មានពី៖ អាស៊ីសេរី
ប្រភពព័ត៌មានពី៖ អាស៊ីសេរី
