ជាថ្មីម្តងទៀតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសបិទគេហទំព័ររបស់ខ្លួនមួយសម្រាប់ឲ្យប្រជាពលរដ្ឋពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលមានអាសយដ្ឋាន voterlist.org.kh ចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣តទៅ។ ការបិទនេះត្រូវបានមន្រ្តីសង្គម ស៊ីវិលថាជាការមិនត្រឹមត្រូវ។
គេហទំព័ររបស់ គ.ជ.ប មួយឈ្មោះ voterlist.org.kh នឹងត្រូវបិទលែងដំណើរការចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣តទៅ នេះបើយោងតាមការប្រកាសជាថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២២ ខែកក្កដា។
ការសម្រេចបញ្ឈប់ដំណើរការគេហទំព័រនេះ គ.ជ.ប អះអាងថា ដើម្បីទប់ស្កាត់នូវភាពគ្មានសណ្តាប់ធ្នាប់ និងភាពមិនប្រក្រតី ជៀសវៀងការប្រមូលផ្តុំអ្នកបោះឆ្នោតមកពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតតាមគេហទំព័រ ដោយភាគីណាមួយនៅថ្ងៃទី២៧ និង២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលជាថ្ងៃហាមឃាត់ធ្វើសកម្មភាពឃោសនាបោះឆ្នោត។
លោក ខន កែវមនោ អនុប្រធាននាយកដ្ឋានទទួលបន្ទុកផ្នែកព័ត៌មានសាធារណៈនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា នេះជាការប្រកាសសារជាថ្មីរបស់គ.ជ.ប ដើម្បីរំលឹកឡើងវិញបន្ទាប់ពីប្រកាសម្តងរួចមកហើយកាលពីថ្ងៃទី៤ ខែមករា។
(សំឡេងលោក ខន កែវមនោ)
ទាក់ទងការប្រកាសបិទគេហទំព័រខាងលើនេះ លោក គល់ បញ្ញា ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅខុមហ្វ្រែល បានចាត់ទុកថាជាការអនុវត្តមិនត្រឹមត្រូវ។ លោកបញ្ជាក់ថា ហេតុផលនៃគ.ជ.ប លើកឡើងខាងលើដើម្បីបិទគេហទំព័ររបស់ខ្លួននេះគឺមិនមានហេតុផលច្បាស់លាស់។ លោកបញ្ជាក់ថា គេហទំព័រនេះជាផ្នែកមួយដែលឲ្យពលរដ្ឋអាចស្វែងរក និងពិនិត្យឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតបាន ខណៈដែលការផ្តល់ប័ណ្ណព័ត៌មានដល់ប្រជាពលរដ្ឋទើបតែបានជាង៨០ភាគរយប៉ុណ្ណោះ។
(សំឡេងលោក គល់ បញ្ញា)
កញ្ញា រូហ្សាលីន និស្សិតឆ្នាំទីបីនៃដេប៉ាដឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍កម្ពុជា DMC បានថ្លែងដែរថា គ.ជ.បគួរតែបន្តបើកគេហទំព័រ Voterlist.org.kh រហូតដល់ថ្ងៃបោះឆ្នោតរួច ប្រយោជន៍ ដើម្បីឲ្យប្រជាពលរដ្ឋដែលអាចប្រើ Internet បានស្វែងរកឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតតាមគេហទំព័រនេះបាន។
ទោះបីមានការប្រកាសបិទគេហទំព័រនេះក៏ដោយគ.ជ.ប បានប្រកាសថានៅថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ អ្នកបោះឆ្នោតអាចរកមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីឈ្មោះបោះឆ្នោតដែលបានបិទផ្សាយនៅគណៈកម្មាការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ/សប) តាំងពីចុងខែមិថុនារហូតដល់ថ្ងៃបោះឆ្នោត។ បន្ថែមពីលើនេះប័ណ្ណព័ត៌មានបោះឆ្នោត អាចរកមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតបាននៅតាមការិយាល័យបោះឆ្នោត ដែលបិទផ្សាយនៅថ្ងៃទី២៧ និង ២៨ ខែកក្កដា ឆ្នាំ២០១៣។
គ.ជ.ប បានប្រកាសដែរថា ចាប់តាំងពីខែមិថុនារហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣ អ្នកបោះឆ្នោតអាចទូរសព្ទផ្ទាល់មកមជ្ឈមណ្ឌលកុំព្យូទ័រនៃគ.ជ.ប រៀងរាល់ម៉ោងធ្វើការ ដើម្បីរកឈ្មោះក្នុងបញ្ជីបោះឆ្នោត តាមរយៈទូរសព្ទចំនួន ៥ខ្សែគឺ ០១១ /០១៦/០៨១/០៨៦/០៩៩/៩៨៧៧៦៦។ ចំពោះថ្ងៃបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ អ្នកបោះឆ្នោតអាចប្រើសេវាទូរសព្ទ ដដែលនេះចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១៥រសៀលដើម្បីរកឈ្មោះបោះឆ្នោត៕
ប្រភពពី ABC Radio Australia

