ព្រៃវែង ៖ នៅតំបន់កំពង់ចម្លងអ្នកលឿងត្រើយខាងលិច និង ត្រើយខាងកើតមានការកកស្ទះយ៉ាង នែនតាន់តាប់ តែមិនជាប់គាំងនៅមួយកន្លែងនោះទេ។ តាមប្រភពព័ត៌មានពីសំណាក់ប្រជាពលរដ្ឋ និង សន្តិសុខសាឡាងអ្នកលឿងបានប្រាប់កម្ពុជាថ្មីថា នៅកំពង់ចម្លងអ្នកលឿងត្រើយខាងលិចគឺ មានរថយន្តទាំងតូច ទាំងធំ រាប់រយគ្រឿង និង ម៉ូតូរាប់រយគ្រឿងបន្តកន្ទុយគ្នាចំងាយប្រហែលជា ២គីឡូម៉ែត្រ។ ចំណែកឯត្រើយខាងកើតក៏មានការកកស្ទះដែរ តែមិនវែងដូចត្រើយខាងលិចនោះទេ ហើយការកកស្ទះនេះគឺមិនជាប់គាំងនៅមួយកន្លែងនោះទេ៕
ប្រភពដដែលបានបន្តថា ការកកស្ទះនេះគឺបណ្តាលមកពីបងប្អូនប្រជាពលរដ្ឋដែលជាកម្មករ កម្មការិនី រោងចក្រនៅឯភ្នំពេញនាំគ្នាសំរុកទៅស្រុករបស់ពួកគាត់ដើម្បីបំពេញតួនាទីរបស់ខ្លួនជា ពលរដ្ឋល្អក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររបស់ខ្លួនអោយដឹកនាំប្រទេសមានភាពរីកចំរើន និង អភិវឌ្ឍន៍ដោយសុខសន្តិភាព ដែលប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ដោយពួកគាត់សំរុកមកច្រើនពេក ទើបមានការកកស្ទះបែបនេះ តែការកកស្ទះនេះមិនមែនជាប់នៅ មួយកន្លែងនោះទេគឺអាចធ្វើដំណើរទៅមុខបាន។
នៅពេលនោះគេក៏ឃើញសន្តិសុខសាឡាងក៏ដូចជាសមត្ថកិច្ចប៉ូលិស ប៉េអិម ក៏បានជួយ សម្រួលចរាចរណ៍ផងដែរ រីឯសាឡាងគឺចេញរត់ទាំង៤តែម្តង៕
ប្រភពពីកម្ពុជាថ្មី


0 comments:
Post a Comment