ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ នៅទីស្តីការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខា ធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ អញ្ជើញទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូ តំណាងខុទ្ទកាល័យ នៃក្រសួងការងារ និង សុខុមាលភាពសង្គម នៃសាធារណរដ្ឋ ប្រជាមានិតឡាវ ។
លោក ប៊ុនផាម៊ីត ស៊ុំវីឆីត ប្រធានគណៈប្រតិភូ មានប្រសាសន៍ថា គណៈប្រតិភូ របស់លោកមានសមាជិកសរុបចំនួន ៩រូប អញ្ជើញមកបំពេញទស្សនកិច្ច នៅក្នុងព្រះរាជា ណាចក្រ កម្ពុជារយៈពេល ៥ ថ្ងៃ ក្នុងគោលបំណង ចង់សិក្សាស្វែងយល់ អំពីបទពិសោធន៍ការងារ ជោគជ័យរបស់កម្ពុជា ក្នុងកិច្ចការងារសង្គ្រោះជនពិការដោយសារមីន និងការធ្វើសមាហរណកម្មជនពិការទៅក្នុងសង្គមវិញ ។
លោក ប៊ុនផាម៊ីត ស៊ុំវីឆីត បានបន្តទៀតថា សាធារណរដ្ឋប្រជាមានិតឡាវ បានផ្តល់សច្ចាប័នលើអនុសញ្ញា ស្តីពីសិទ្ធិជនពិការ មុនព្រះរាជាណាចក្រកម្ពុជាទៅទៀត ក៏ប៉ុន្តែ ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធ នឹងវិស័យពិការភាព ហាក់បីដូចជានៅមិនទាន់បានទូលំទូលាយដូចកម្ពុជាទេ ហើយដោយមើលឃើញ អំពីវឌ្ឍនភាពរបស់កម្ពុជា លើវិស័យពិការភាព ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះផងដែរ ទើបគណៈប្រតិភូរបស់លោក មានបំណងចង់មកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ ក៏ដូចជាដកពិសោធន៍បន្ថែមទៀត ។
ថ្លែងនៅក្នុងជំនួប ពិភាក្សាការងារនេះផងដែរ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិ បណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយក ចិត្តទុកដាក់ ចំពោះបងប្អូនជនពិការ និងបានចាត់ទុកវិស័យពិការភាព ជាវិស័យអាទិភាពមួយ ដោយបានបង្កើត ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជន ពិការ និងបានផ្តល់សច្ចាប័នលើអនុសញ្ញា ស្តីពីសិទ្ធិជនពិការ របស់អង្គការសហប្រជាជាតិ ជាក់ស្តែង កាលពីពេលថ្មីៗនេះ កម្ពុជាបានប្រារព្ធពិធីប្រកាសជាផ្លូវការ នូវការប្តេជ្ញាចិត្ត អនុវត្ត អនុសញ្ញាស្តីពីសិទ្ធិជនពិការ របស់អង្គការសហប្រជាជាតិផងដែរ ។
លើសពីនេះទៀត រាជរដ្ឋាភិបាល ក៏មានគោលការណ៍ឲ្យគ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ទទួលយកជនពិការឲ្យចូលបម្រើការងារក្នុងអត្រា ២% និងស្ថាប័នឯកជន ១% ធៀបនឹងចំនួនបុគ្គលិកសរុប ហើយឆ្នាំ ២០១៣ គឺជាឆ្នាំចុងក្រោយ សម្រាប់ការអនុវត្តនេះ ដូច្នេះប្រសិនបើ ក្រសួង ស្ថាប័នណាមិនមានលទ្ធភាពរើសជន ពិការឲ្យចូល បម្រើការងារគ្រប់តាមលក្ខខណ្ឌ កំណត់ទេ ក្រសួង ស្ថាប័ននោះត្រូវបង់វិភាគជូនរដ្ឋ តាមអត្រាកំណត់ ។
លោកមានប្រសាសន៍ទៀតថា យោងតាមជំរឿនវិទ្យាសាស្ត្រឆ្នាំ ២០០៨ ចំនួនជនពិការសរុបមានចំនួន ១.៤៤% នៃប្រជាជនសរុប ដែលក្នុងនោះជន រងគ្រោះដោយ សារមីន មានចំនួន ៣៣.៣៦% ទន្ទឹមនោះ កម្ពុជាក៏បានកសាងផែនការជាតិ ស្តីពីពិការភាព ដោយរួមបញ្ចូលជនរងគ្រោះដោយសារមីន និងកាកសំណល់ជាតិផ្ទុះ ដែលសល់ពីសង្គ្រាម សម្រាប់ឆ្នាំ២០០៩-២០១៣ ផងដែរ ។
លោក ឯម ច័ន្ទមករា បានបន្តទៀតថា ដោយមើលឃើញអំពីសារៈសំខាន់នៃវិស័យពិការភាព ថ្មីនេះៗ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចពង្រីកវិសាលភាព របស់ក្រុម ប្រឹក្សាសកម្មភាពជនពិការ នៅតាមបណ្តា រាជធានីខេត្ត ដែលការពង្រីកវិសាលភាពនេះផងដែរ គឺធ្វើឲ្យមានភាពងាយស្រួលនៅក្នុងការប្រមូលព័ត៌មានជុំវិញ ផ្នែកពិការ ភាព នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ៕
ប្រភពពី៖ NEWS4KH
ប្រភពពី៖ NEWS4KH





0 comments:
Post a Comment