ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាល ស្រុករតនៈមណ្ឌល បានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួនបុរសម្នាក់កាលព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ ដោយជាប់សង្ស័យថាបានសម្លាប់បុរសម្នាក់ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ នៅក្នុងក្រុមទី១២ ភូមិបាដាកត្បូង ឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌល កន្លងទៅនេះ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើនេះមានឈ្មោះ គួយ ស្រូយ ភេទប្រុស អាយុ៥៥ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកធំ ឃុំអ្នកលឿង ស្រុកពាមរ ខេត្តព្រៃវែង បានមកស្នាក់នៅបណ្តោះអាសន្ន ធ្វើជាកម្មករឡសម្ងួតពោត នៅភូមិកើត ហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះ ង្វៀង យ៉ាំងជៀង អាយុ៤៣ឆ្នាំ ជាជនជាតិវៀតណាម មានស្រុកកំណើតនៅភូមិផ្សាររំលិច សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បច្ចុប្បន្នមកស្នាក់នៅធ្វើជាកម្មករឡសម្ងួតពោត ជាមួយជនសង្ស័យ ។
គួររំលឹកថា កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ ដេកស្លាប់លើអង្រឹង ដោយមានស្លាកស្នាមកាប់បីកាំបិត ដោយពុំទាន់ដឹងពីមូលហេតុ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលរួចមក សមត្ថកិច្ចបានចាត់វិធានការស៊ើបអង្កេតស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ។
ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះ ពិតប្រាកដមែន។ ដោយសារតែរឿងចាក់ចម្រៀង តាមទូរស័ព្ទពេលបាយថ្ងៃត្រង់ ហើយរំខានគ្នាទៅវិញ ទៅមក ក៏បានបង្កជាទំនាស់ពាក្យសម្តី។ ភ្លាមនោះជនរងគ្រោះបានស្ទុះមកធាក់ខ្លួន២ជើង ផ្កាប់មុខនិងដី ធ្វើឲ្យខ្លួនខឹងទ្រាំមិនបានក៏ប្រើញញួរវ៉ៃ២ ញញួរនិងកាប់៣កាំបិត បណ្តាលឲ្យស្លាប់នៅលើអង្រឹងតែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញអធិការស្រុក កសាងសំណុំរឿង បញ្ជូនខ្លួននិងវត្ថុតាងមកកាន់ស្នងការនគរបាលខេត្តដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕
_________
ប្រភពពី វត្តភ្នំ

