កំពតៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃសៅរ៍ បានខិតខំជាថ្មីម្តងក្នុងការលើកសរសើរខ្លួនលោក ដោយបានរៀបរាប់ថា ជាអ្នកការពារសន្តិភាព ដោយលើកនេះ លោកបានលើកឡើងនូវភ័ស្តុតាងនៃការគ្រប់គ្រងនឹងនរ លើការប្រយុទ្ធជុំវិញប្រាសាទព្រះវិហារ។
ថ្លែងទៅកាន់ប្រជាជន ក្នុងពិធីសម្ពោធសាលារៀននៅខេត្តកំពត លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា សេចក្តីសម្រេចរបស់លោក ក្នុងការរង់ចាំ ១០០ ម៉ោង មុនពេលឆ្លើយតបនឹងការបាញ់រ៉ុកកែតពីថៃដោយប្រើប្រាស់រ៉ុកកែតផ្ទាល់របស់លោកបានបង្ខំឲ្យមានការឈប់បាញ់ហើយបានសង្គ្រោះប្រទេសពីភ្លើងសង្គ្រាម។ លោកបន្តថា៖«មានការសង្ស័យជាច្រើន ហេតុអ្វី ហ៊ុន សែន មិនបញ្ជាឲ្យវាយតបខណៈពេលកងទ័ពថៃបានផ្លោងគ្រាប់មកយ៉ាងខ្លាំង។ តើស្ថានការណ៍អ្វីដែលយើងគួរជ្រើសរើសនៅពេលនោះ? ហើយយើងគ្មានជម្រើសល្អ ឬអាក្រក់ទេ។ ជម្រើសគឺត្រូវតែជ្រើសរើសស្ថានការណ៍មហន្តរាយតិចបំផុត។
កំហុសតូច ក្នុងការធ្វើសេចក្តីសម្រេចសង្គ្រាមនឹងបង្កឡើងតាមបណ្តោយព្រំដែនកម្ពុជា និងថៃ ដែលនឹងបង្កមហន្តរាយដល់ប្រទេសជាតិទាំងមូល»។ លោកបន្តថា បក្សប្រឆាំងនៅពេលនោះ បានប្រកាន់ជំហរស្ទាំងហើយបានលើកទឹកចិត្តឲ្យមានការតបត ប៉ុន្តែលោកជ្រើសរើសអត់ធ្មត់ជំនួសវិញ ដោយបានពិភាក្សាជាមួយនឹងមេបញ្ជាការរបស់លោក មុនពេលសងសឹកដោយបាញ់រ៉ុកកែត BM-21។ ដោយថា សន្តិភាពនេះ កើតឡើងដោយសារយុទ្ធសាស្រ្តត្រីកោណមុខបី គឺប្រើអាវុធការពារខ្នាតតូច អំពាវនាវអង្គការសហប្រជាជាតិ និងដាក់ពាក្យបណ្តឹងទៅតុលាការយុតិ្តធម៌អន្តរជាតិ លោក ហ៊ុន សែន ថ្លែងថា៖ «រយៈពេលតែ១៧នាទី បន្ទាប់ពីខ្ញុំបញ្ជាឲ្យវាយតបរដ្ឋមន្រ្តីការបរទេសថៃស្នើសុំចរចាឈប់បាញ់»។
ទោះជាយ៉ាងណា លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងថា លោកចងចាំព្រឹតិ្តការណ៍ក្នុងឆ្នាំ ២០០៨ ផ្សេងទៅវិញហើយលោកថា លោក ហ៊ុន សែន មិនមែនជាអ្នកបង្កើតសន្តិភាពទេ។
លោកថា៖ «លោក (ហ៊ុន សែន)ជាអ្នកដែលមិនអាចចៀសសង្គ្រាមបាន។ អ្នករាល់គ្នាបានមើលឃើញការប្រយុទ្ធនៅព្រះវិហារ។ នៅពេលនោះ ប្រធានខ្ញុំ លោក សម រង្ស៊ី ជាអ្នកដែលស្នើទៅរដ្ឋាភិបាលឲ្យប្រើច្បាប់អន្តរជាតិនៅអង្គការសហប្រជាជាតិ»។
លោកបន្ថែមថា៖ «មុនពេលផ្ទុះសង្គ្រាម យើងចង់យករឿងក្តីទៅតុលាការឲ្យបានឆាប់ប៉ុន្តែ គេមិនស្តាប់បក្សប្រឆាំងទេ ហើយនោះជាមូលហេតុកើតសង្គ្រាម ដែលនាំឲ្យបាត់បង់ជីវិតជនស៊ីវិល និងទាហាន»។ លោកបន្តថា ចំពោះព្រំដែនខាងកើតជាមួយនឹងវៀតណាមវិញ ដែលជាបញ្ហាចម្បងសម្រាប់គណបក្សប្រឆាំង គណបក្សប្រឆាំងនឹង«មិនប្រើគ្រាប់កាំភ្លើងទេ ប៉ុន្តែយើងប្រើឆន្ទៈនយោបាយ» ដើម្បីបង្ការការទន្ទ្រានរបស់វៀតណាម៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍

