ខេត្តស្ទឹងត្រែង ៖ បើទោះបីជាមានការផ្លាស់ប្តូរអភិបាលខេត្តថ្មី តែអ្នកស្រី ហេង សំនៀង ហៅយាយព្រឿង នៅតែជាឈ្មួញរកស៊ីដឹកជញ្ជូនឈើទ្រង់ទ្រាយធំជាងគេ ប្រចាំខេត្តស្ទឹងត្រែងទាំងតាមផ្លូវទឹកនិងតាមផ្លូវគោកដែលគ្មាននរណាហ៊ានប៉ះពាល់ ហើយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើរបស់លោក អ៊ីវ ឯកសាវត្តី ជាអ្នកចេញមុខជួយសម្របសម្រួលឲ្យការដឹកជញ្ជូនឈើខុសច្បាប់របស់យាយព្រឿង រលូនល្អមិនដែលមានឧបសគ្គអ្វីកើតឡើងនោះទេ។ សូម្បីតែលោក កុល សំអុល ជាអភិបាលខេត្តស្ទឹងត្រែង ក៏មិនដែលហ៊ានហើបមាត់ពីការដឹកជញ្ជូនឈើខុសច្បាប់របស់ យាយព្រឿង ម្តងណាឡើយ ទើបគេនាំគ្នាផ្តល់រហស្សនាម យាយព្រឿង ថាជាឈ្មួញដែលនៅតែមានឥទ្ធិពលជាន់ដីខេត្តស្ទឹងត្រែងផ្អៀងដូចមុនដដែល។
មន្ត្រីសាលាខេត្តមួយចំនួនបានបង្ហើបឲ្យដឹងថា នៅពេលចូលកាន់តំណែងពីដំបូង លោក កុល សំអុល បានកោះប្រជុំប្រធានមន្ទីរអង្គភាពចំណុះឲ្យខេត្តស្ទឹងត្រែងទាំងអស់ដែលជាការប្រជុំទ្រង់ទ្រាយធំ ហើយគេឮលោក កុល សំអុល បានចេញបទបញ្ជាឲ្យមន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធយកចិត្តទុកដាក់អនុវត្តន៍បទបញ្ជាលេខ០១ ដើម្បីបង្ការបង្ក្រាប និងទប់ស្កាត់ការដឹកជញ្ជូនឈើខុសច្បាប់របស់សម្តេច ហ៊ុន សែន ឲ្យមានប្រសិទ្ធភាព។ កិច្ចប្រជុំនោះធ្វើឡើងដើម្បីឲ្យប្រធានមន្ទីរអង្គភាពទាំងអស់បានជួបសំណេះសំណាល និងស្គាល់មុខគ្នាជាមួ យលោក កុល សំអុល ជាអភិបាលខេត្តថ្មី ហើយក្នុងនោះមន្ត្រីជំនាញបានជួបជជែកការងារពិសេសជាមួយលោកអភិបាលខេត្តថ្មីក្នុងបរិយាកាសសប្បាយរីករាយបំផុត។
យាយព្រឿង គឺជាឈ្មួញជនជាតិវៀតណាមដែលរកស៊ីឈើដុះស្លែទៅហើយក្នុងខេត្តស្ទឹងត្រែង ហើយបើទោះជាយាយព្រឿង មិនចេះនិយាយភាសាខ្មែរឲ្យបានច្បាស់លាស់ក៏យាយព្រឿងមានបរិវារជាច្រើន សម្រាប់ប្រើប្រាស់ឲ្យជួយសម្របសម្រួល ដល់ការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់គាត់យ៉ាងរលូនល្អ គឺ យាយព្រឿង មានជំនាញយកចិត្តយកថ្លើមអភិបាលខេត្តស្ទឹងត្រែងដើម្បីយកឥទ្ធិពលមកបន្លាចមន្ត្រីនិងសមត្ថកិច្ចតូចតាចឲ្យដកខ្លួនចេញពីការ បង្ក្រាបឈើខុសច្បាប់របស់គាត់។ ក្នុងសម័យលោក ឡូយ សុផាត ធ្វើជាអភិបាលខេត្តស្ទឹងត្រែង គេសង្កេតឃើញ យាយព្រឿង មានឥទ្ធិពលធំណាស់ក្នុងការរកស៊ីដឹកជញ្ជូនឈើប្រណីតទាំងតាមទូកនិងតាមរថយន្តពីចំណុចស្រុកសេសាន ឬស្រុកសៀមប៉ាង ចូលមកស្តុកទុកក្នុងឃ្លាំងដ៏ធំមួយរបស់គាត់នៅកណ្តាលក្រុងស្ទឹងត្រែងជាប់មាត់ទន្លេ ។
មកដល់ពេលនេះ យាយព្រឿង នៅតែសកម្មនិងជាឈ្មួញដ៏ធំជាងគេក្នុងការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់នៅក្នុងខេត្តស្ទឹងត្រែង ហើយឈើរបស់ យាយព្រឿង ជាច្រើនត្រូវបានដឹកជញ្ជូនចេញទៅវៀតណាមដោយឆ្លងកាត់ខេត្តក្រចេះ ឬខេត្តកំពង់ចាមយ៉ាងរលូនល្អបំផុត ប៉ុន្តែយាយព្រឿង មិនបានចេញមុខដោយផ្ទាល់នោះទេ គឺគាត់បានបែងចែកឲ្យឈ្មួញតូចតាចមួយចំនួនស៊ីឈ្នួលដឹកជញ្ជូនឈើរបស់គាត់ពីស្រុកសេសាន និងស្រុកសៀមប៉ាងចូលមកក្រុងស្ទឹងត្រែង។ ឈ្មួញមួយក្រុមទៀត ដូចជាបក្ខពួករបស់ ធី បាញ់ ជាដើមក៏បានស៊ីឈ្នួលដឹកជញ្ជូនឈើខុសច្បាប់របស់ យាយព្រឿង ចេញពីខេត្តស្ទឹងត្រែងទៅវៀតណាមតាមស្រុកស្នួលខេត្តក្រចេះផងដែរ គឺយាយព្រឿង មានមធ្យោបាយបំបែករូបភាពដឹកជញ្ជូនឈើខុសច្បាប់របស់គាត់ ទៅជាទ្រង់ទ្រាយតូចៗដើម្បីបន្លំភ្នែកប្រជាពលរដ្ឋកុំឲ្យមើលឃើញពីភាពអនាធិបតេយ្យនៃការដឹកជញ្ជូនឈើខុសច្បាប់ ដែលកំពុងបំពានទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល។
សកម្មភាពរបស់ យាយព្រឿង គឺជាប្រភពបង្កើតឲ្យមានបទល្មើសព្រៃឈើយ៉ាងរាលដាលក្នុងខេត្តស្ទឹងត្រែងហើយនៅពេលអ្នកសារព័ត៌មានចង់សួរនាំពីការដឹកជញ្ជូនឈើខុសច្បាប់ យាយព្រឿងតែងតែប្រាប់ឲ្យមន្ត្រីមួយចំនួនជាបរិវាររបស់គាត់ឲ្យទូរស័ព្ទមករៀបរាប់ប្រាប់អ្នកសារព័ត៌មាន ដោយអួតអាងពីការដឹកជញ្ជូនឈើមានច្បាប់ទម្លាប់ គឺគេមិនដឹងថា យាយព្រឿង មានឥទ្ធិពលអំណាចអ្វីដែលអាចបញ្ជាលើមន្ត្រីអស់ទាំងនោះឲ្យជួយសម្របសម្រួលការងាររបស់គាត់នោះទេ ។ សូមបញ្ជាក់ថា ចាប់តាំងពីលោក កុល សំអុល ឡើងជំនួសតំណែងលោក ឡូយ សុផាត គេសង្កេតឃើញយាយព្រឿង បានស្វែងរកខ្សែទុយោ ដើម្បីចូលជួបសំណេះសំណាលសុំស្គាល់និងសុំការយោគយល់ពីលោកអភិបាលខេត្តថ្មីកុំឲ្យប៉ះពាល់ការរកស៊ីដឹកជញ្ជូនខុសច្បាប់របស់គាត់ផងដែរ ៕
ប្រភពពី៖ cambodiapage.info

