ភ្នំពេញ ៖ យុវជន៤ នាក់បានរងរបួសធ្ងន់ស្រាល ក្នុងខណៈដែលពួកគេជិះម៉ូតូស្តុបពីមួយគ្រឿងពណ៌ស ឌុប គ្នា ហើយត្រូវរថយន្តឡិចស៊ីស បើកបុកយ៉ាងពេញទំហឹងនៅ ខាងក្រោយសាលាព្រះនរោត្តម ផ្លូវលេខ ១៤៤ កែងផ្លូវលេខ ១៩ ក្នុងសង្កាត់ផ្សារកណ្តាលទី ២ ខណ្ឌដូនពេញ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង ២១នឹង ៥០ នាទីយប់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៣។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញយុវជន ៤ នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកស្តុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១ AS 3684 ធ្វើដំណើរតាមបណ្តោយ ផ្លូវ១៤៤ ក្នុងទិសដៅពីលិចទៅកើត ដោយបានជិះយ៉ាងលឿនលុះមកដល់ចំណុចកែងផ្លូវលេខ ១៩ ក៏ស្រាប់តែ មានរថយន្តឡិចស៊ីសមួយគ្រឿងដែលកំពុងបើកបរតាមបណ្តោយផ្លូវលេខ ១៩ ក្នុងទិសដៅពីត្បូងទៅជើង បាន ជ្រុលបុកម៉ូតូស្តុបពីយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជនទាំង ៤ នាក់ដែលជិះម៉ូតូស្តុបពី ត្រូវរងរបួស ធ្ងន់បីនាក់ នឹងស្រាលម្នាក់ ចំណែកម៉ូតូត្រូវរងការខូចខាតទាំងស្រុង ដួលច្រងាងនៅចំពាក់កណ្តាលផ្លូវតែម្តង រីឯ រថយន្តបង្ក ហេតុវិញនោះ ក្រោយដឹកថាខ្លួនបើកបុកគេឲ្យរងរបួសរួចមកនោះ ក៏បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោស ភ្លាមៗតែម្តង ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាបន្ទាប់ពីកើតហេតុអ្នករងរបួសត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅនូវមន្ទីរពេទ្យភ្លាមៗ ។ ចំណែកម៉ូតូរបស់អ្នករងគ្រោះត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារឲ្យ មកទទួលយកទៅជូសជុលវិញ ព្រោះដោយសាររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោស៕ជោគជ័យ
