ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ដែលមានផ្ទៃពោះជិតគ្រប់ខែទៅហើយនោះ ត្រូវបានក្រុមក្មេងស្ទាវ២នាក់ ក្នុងចំណោមបក្ខពួក៥នាក់ បានធ្វើសកម្មភាពចាប់រំលោភយ៉ាងព្រៃផ្សៃ ខណៈដែលនាងរួមទាំងកូនតូចៗកំពុងតែដេកនៅក្នុងខ្ទមចាំចំការមួយកន្លែង ស្ថិតក្នុងភូមិបឹងកក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច កាលពីវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៣។
បើតាមការរៀបរាប់របស់អ្នកភូមិបានឲ្យដឹងថា អំពើចាប់រំលោភនេះប្រហែលជាកើតឡើងដោយសារតែការសងសឹក ព្រោះស្ត្រីម្នាក់នេះ ត្រូវជាប្រពន្ធរបស់តាចាស់ល្មោភតណ្ហា ចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំ ដែលទើបតែត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅពន្ធនាគារកាលពីប៉ុន្មានថ្ងៃមុននេះ។
បើតាមការរៀបរាប់របស់ស្ត្រីគ្រោះបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៣ ពេលដែលប៉ូលិសចាប់ប្តីយកទៅបាត់ យប់នោះនាងដេកជាមួយកូនតូច២នាក់របស់ប្រពន្ធដើម ស្រាប់តែម៉ោងប្រមាណ៩យប់ មានក្មេងមួយក្រុមមានគ្នា៥នាក់ ក្នុងនោះ៣នាក់បាននាំគ្នាទៅលួចចាប់មាន់របស់គាត់ ។ ចំណែក២នាក់ទៀតបានចូលចាប់នាងអូសចេញពីខ្ទមយកទៅក្បែរដំបូកមួយស្ថិតនៅខាងក្រោយខ្ទម រួចហើយក៏ធ្វើសកម្មភាពចាប់នាងរំលោភបានសម្រេចម្តងម្នាក់ ។
នាងបញ្ជាក់ថា មុនពេលរំលោភ ពួកវាទាំង២នាក់បានវាយធ្វើបាប ដោយខ្លះជិះលើផ្ទៃពោះ ខ្លះវាយនាងនឹងដៃ ។ នាងបានបង្ហាញស្នាមរបួសដែលពួកក្មេងពាលអូសកាត់ព្រៃដាច់រលាត់ខ្នង និងជាំមុខ ។ នាងបន្តថា ក្នុងពេលកើតហេតុនោះកូនៗទាំង២នាក់បានឃើញ និងភ័យខ្លាចរត់ទៅពួនក្នុងប្រឡាយក្បែរនោះ ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានចាត់កម្លាំងឲ្យចុះស្រាវជ្រាវសំណុំរឿងនេះភ្លាមៗផងដែរ ព្រោះជាបទល្មើសឧក្រិដ្ឋ មិនអាចឱ្យជនល្មើសគេចខ្លួនបានឡើយ ៕
ប្រភពពី វត្តភ្នំ


0 comments:
Post a Comment