បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវក្រុមចោរប្លន់នោះមានឈ្មោះ យ៉ុន វុធថៃ ភេទប្រុស អាយុ២១ឆ្នាំ ជាសិស្សវិទ្យាល័យសាមគ្គី ស្នាក់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ប្រភពដដែលបានបន្តទៀតថានៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ចេញពីសាលាសាមគ្គី ត្រឡប់មកផ្ទះវិញ ខណៈជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ជិះម៉ូតូអេស អិល មួយគ្រឿងមកឈប់ក្បែររួចបានដកកាំភ្លើងគំរាមភ្ជង់ទារយកទូរស័ព្ទពីជនរងគ្រោះ។ ខណៈនោះជនរងគ្រោះក៏បានប្រគល់ទូរស័ព្ទម៉ាកអាយហ្វូនហ្វ័រ ទៅឲ្យក្រុមជនសង្ស័យ ព្រោះខ្លាចពួកគេផ្ទុះអាវុធ ធ្វើឲ្យរូបខ្លួនរងរបួស។ បន្ទាប់ពីយកបានទូរស័ព្ទហើយ ក្រុមជនសង្ស័យបានជិះម៉ូតូបណ្តើរគ្នាជាមួយនឹងជនរងគ្រោះ បានជិតមួយគីឡូដី ទើបឃើញឱកាសស្ងាត់ រត់គេចខ្លួនបាត់ស្រមោលឈឹង។
បន្ទាប់ពីកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅទីស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ដើម្បីសុំអន្តរាគមន៍ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ក្រុមជនល្មើស៕
_________
ប្រភពពី វត្តភ្នំ
