លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពានាវអោយសមាជិកសភាសិក្សាលទ្ធភាពនៃការធ្វើសេចក្តីស្នើ ច្បាប់ដើម្បីដាក់ទោស ជនណាដែលនិយាយថារបបខ្មែរក្រហមមិនសម្លាប់មនុស្ស។ ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលថាត្រូវធ្វើបង្កើតច្បាប់ប្រភេទ នេះ ត្រូវបានជំទាស់ដោយសាស្ត្រចារ្យមួយចំនួន ដែលអត្ថាធិប្បាយថា ច្បាប់ប្រភេទនេះអាចធ្វើអោយប៉ះពាល់ដល់សិទ្ធិនៃការបញ្ចេញមតិដែល បានចែងនៅក្នុងរដ្ឋធម្មនុញ្ញទៅវិញ។
បន្ទាប់ពីមានការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា អោយសមាជិករដ្ឋសភាសិក្សាអំពីលទ្ធភាពនៃការតាក់តែងសេចក្តីស្នើច្បាប់ ប្រឆាំងជនណាដែលនិយាយថា មិនមានការកាប់សម្លាប់មនុស្សនៅក្នុងរបបខ្មែរក្រហមនោះ សាស្ត្រាចារ្យច្បាប់មួយចំនួនបានបារម្ភថា ច្បាប់នោះនឹងគ្របដណ្តប់ដល់សិទ្ធិសេរីភាពបញ្ចេញមតិ។
លោកមេធាវី សុខ សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានថ្លែងថា គេមិនអាចតាក់តែងច្បាប់មួយដែលដាក់ទោសមនុស្សដែលគ្រាន់តែបញ្ចេញការ យល់ឃើញរបស់ខ្លួន ឬការបញ្ចេញគំនិតផ្ទុយគ្នានោះទេ។ ហើយថាច្បាប់នេះអាចដើរផ្ទុយនឹងរដ្ឋធម្មនុញ្ញដែលទទួលស្គាល់ សិទ្ធិសេរីភាពបញ្ចេញមតិទៅទៀត។
លោកសុខ ទូច ដែលជាសាស្ត្រចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយវិញបានអត្ថាធិប្បាយថា ការយល់ឃើញរបស់មនុស្សម្នាក់ៗទៅលើព្រឹត្តិការណ៍អ្វីមួយ វាគឺជាសិទ្ធិបុគ្គល។ ហើយថា នៅក្នុងសង្គមប្រជាធិបតេយ្យ វាត្រូវតែមានការខ្វែងគំនិតគ្នា និងមានហេតុផលផ្ទាល់ខ្លួន។ ពាក់ព័ន្ធករណីអំពើឃោឃៅក្នុងរបបខ្មែរក្រហមវិញ លោកសុខ ទូចបានពន្យល់ថា ប្រសិនបើអ្នកនយោបាយណានិយាយរហូតដល់ថា មិនមានការកាប់សំលាប់នោះ គឺប្រជាពលរដ្ឋនឹងវិនិច្ឆ័យកាត់ទោសអ្នកនយោបាយនោះដោយផ្ទាល់ហើយ។
អត្ថាធិប្បាយអំពីការតាក់តែងច្បាប់ដាក់ទោសជនណាដែលមិនទទួលស្គាល់ការ កាប់សម្លាប់នៅក្នុងរបបខ្មែរក្រហមដដែលនេះ លោកសាស្ត្រាចារ្យសុខ ទូចបានបញ្ចេញយោបល់ដែរថា គេក៏ពិបាកនឹងបង្កើតច្បាប់មួយនេះឡើង ខណៈដែលការវិនិច្ឆ័យលើរបបខ្មែរក្រហមកំពុងតែដំណើរការ និងមេដឹកនាំកំពូលនៃរបបនេះនៅមិនទាន់ត្រូវបានតុលាការកាត់ទោសនៅ ឡើយនោះ។
លោកឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាដែលជាស្ថាប័នចងក្រងឯកសារ ប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហមឯណោះវិញ មិននិយាយសង្កត់ធ្ងន់អំពីផលប៉ះពាល់នៃច្បាប់មួយនេះ ប្រសិនបើមានច្បាប់នេះមែននោះ ទៅលើសិទ្ធិនៃការបញ្ចេញមតិនោះទេ។ ប៉ុន្តែលោកឆាំង យុចាប់អារម្មណ៍ថា កម្ពុជាគួរតែខិតខំធ្វើការងារអប់រំនៅតាមសាលារៀន និងបណ្តុះការចងចាំវិញ ទើបជាការសំខាន់ ជាជាងការដាក់ទណ្ឌកម្ម។ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាបានបញ្ជាក់ថា នៅពេលមនុស្សនិយាយថាមិនជឿ អំពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហមយ៉ាងដូច្នេះ នេះជាសញ្ញាមួយមិនល្អឡើយ។ លោកឆាំង យុ ថាវាជាសញ្ញានៃការបំភ្លេចអតីតកាលដែលកម្ពុជាត្រូវធ្វើការ ទប់ស្កាត់។ ចំពោះលោកឆាំង យុ របបខ្មែរក្រហម ជាព្រឹត្តិការណ៍មួយដែលជាក់ស្តែងពេកហើយ ហើយវាហួសពីការដែលត្រូវបារម្ភថា ប្រជាពលរដ្ឋខ្មែរមិនជឿថាមានរបបខ្មែរក្រហមនោះ។
ទាក់ទងនឹងច្បាប់ពិសេសប្រភេទនេះ លោកសាស្ត្រាចារ្យសុខ ទូចបានទទួលស្គាល់ថា វាបានកើតមាននៅក្នុងប្រទេសខ្លះដែលចង់អោយមានការទទួលស្គាល់អំពី អំពើប្រល័យពូជសាសន៍ ឬការសម្លាប់រង្គាលមែន។ ប៉ុន្តែលោកថា ច្បាប់របស់ប្រទេសទាំងនោះ មានចារិតជាអន្តរជាតិ ដើម្បីទាមទារអោយមានការទទួលស្គាល់ជាអន្តរជាតិតែប៉ុណ្ណោះ៕
ប្រភព cambodiapage.info


0 comments:
Post a Comment