ក្នុងនាមជាថ្នាក់ដឹកនាំប្រទេសជាតិត្រូវតែគោរពរដ្ឋធម្មនុញ្ញរបស់ប្រទេស បម្រើផលប្រយោជន៍ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិដែលនេះគឺជាកាតព្វកិច្ច។ លើសពីនេះក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលត្រូវតែធ្វើការគ្រប់គ្រង និងគិតគូរទៅដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីក្រោមឱវាទរបស់ខ្លួនដូចជា ការដំឡើងបុណ្យស័ក្តិ ការដំឡើងប្រាក់បៀវត្សរ៍… ជាដើម ។ល។ ដែលនេះគឺជាភារកិច្ចប្រកបដោយការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមិនមែនជាគុណសម្បត្តិអ្វីតម្រូវឲ្យសរសើរលើកជើងភ្លូកទឹកភ្លូកដីនោះទេ។ ផ្ទុយទៅវិញប្រសិនបើថ្នាក់ដឹកនាំប្រទេសមិនរវីរវល់នឹងការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ មិនខ្វល់នឹងការបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋព្រមទាំងមន្ត្រីរាជការក្រោមឱវាទនោះ ទើបគេហៅថា ជាថ្នាក់ដឹកនាំចោលម្សៀត។
កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣ កន្លងមកថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលខេត្តកណ្តាល និងជានាយករដ្ឋមន្ត្រី «ចាំផ្ទះ» បានចុះហត្ថលេខានៅលើអនុក្រឹត្យមួយបង្កើនបៀវត្សរ៍ប្រចាំខែកម្រិតទាបបំផុតជូនមន្ត្រីរាជការស៊ីវិលក្របខ័ណ្ឌមួយចំនួនឲ្យដល់កម្រិត៣២ម៉ឺនរៀល ហើយដែលនឹងត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៣ តទៅ។
ការសម្រេចរបស់ «សម្តេចតេជោសែន» ដែលបានបង្កើនដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការស៊ីវិលគឺជាការល្អប្រសើរ ពីព្រោះបានផ្តល់ផល់ប្រយោជន៍ដល់មន្ត្រីរាជការក្រោមឱវាទផង និងក៏អាចបានចូលរួមចំណែកកាត់បន្ថយអំពើពុករលួយនៅក្នុងជួរមន្ត្រីរាជការផងដែរ ប៉ុន្តែត្រូវបានមជ្ឈដ្ឋានអ្នកច្បាប់ និងអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា ចោទជាសំណួរថា តើមានមូលហេតុអ្វីទើប «សម្តេចតេជោសែន» សម្រេចដំឡើងប្រាក់ខែជូនមន្ត្រីរាជការស៊ីវិលនៅពេលនេះ ដោយមិនរង់ចាំដល់ពេលសម្តេចត្រូវបានប្រកាសសុពលភាពជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥ នៃរដ្ឋសភានៅថ្ងៃខាងមុខឆាប់ៗសិន?
មជ្ឈដ្ឋានអ្នកវិភាគនយោបាយនៅកម្ពុជា បានពិចារណា និងលើកឡើងនូវហេតុផលមួយចំនួនទាក់ទងនឹងដំណើរការរបស់ «សម្តេចតេជោសែន» សម្រេចដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការស៊ីវិលខណៈដែលសម្តេចតែងប្រកាន់នូវវប្បធម៌ដ៏ពេញនិយមមួយគឺ «មិនចំណេញមិនធ្វើ» ដូចតទៅ៖
១- ក្រុមអ្នកគាំទ្រដង្ហែ «សម្តេចតេជោសែន» បានអះអាងតាមបណ្តាញព័ត៌មានយ៉ាងសន្ធឹកសន្ធាប់ថា ការដំឡើងប្រាក់ខែជូនមន្ត្រីរាជការគឺជាការគោរពពាក្យសន្យារបស់សម្តេច។ លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ មិនទាន់ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «គ.ជ.ប» ប្រកាសជាផ្លូវការ និងស្ថាពរនៅឡើយ ហើយលទ្ធផលឆ្នោតនេះកំពុងឋិតនៅក្នុងដំណាក់កាលតវ៉ា និងស៊ើបអង្កេតអំពីភាពមិនប្រក្រតីថែមទៀត។ មានន័យថា «សម្តេចតេជោសែន» ឋិតនៅជានាយករដ្ឋមន្ត្រីចាំផ្ទះនៅឡើយក្នុងដំណាក់កាលនេះ។ តើហេតុអ្វីសម្តេចមិនរង់ចាំឲ្យមានការប្រកាសសុពលភាពជានាយករដ្ឋមន្ត្រីនីតិកាលថ្មីសិនសឹមសម្រេចដំឡើងប្រាក់ខែជូនមន្ត្រីរាជការតាមក្រោយ? ដូច្នេះ មានតែ «សម្តេចតេជោសែន» ចង់បញ្ជាក់ប្រាប់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតថា សម្តេចបានដឹងលទ្ធផលឆ្នោតជាមុនរួចហើយថា គណបក្សប្រជាជនកម្ពុជាត្រូវតែឈ្នះ ហើយសម្តេចក៏បានត្រៀមខ្លួនជាមុនរួចហើយដែរថា នឹងត្រូវធ្វើនាយករដ្ឋមន្ត្រីនីតិកាលថ្មី ទើបក្រុមអ្នកគាំទ្រដង្ហែសម្តេចអះអាងថា ជាការគោរពពាក្យសន្យារបស់សម្តេចនៅពេលសម្តេចទទួលបានការឈ្នះឆ្នោតធ្វើជានាយករដ្ឋមន្ត្រីនីតិកាលថ្មី «Sic!»។
២- គណបក្សសង្គ្រោះជាតិដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំនៅកម្ពុជា និងជាគណបក្សនយោបាយដែលរំពឹងថា នឹងទទួលបានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ យ៉ាងច្រើននោះ បានប្រកាសគំរាមធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផលឆ្នោត ហើយអាចមានអ្នកចូលរួមច្រើនសន្ធឹកសន្ធាប់ផងប្រសិនបើគណបក្សប្រឆាំងមួយនេះដល់ពេលវេលាដឹកនាំធ្វើមហាបាតុកម្មពិតប្រាកដមែន។ ដូច្នេះ ក្នុងស្ថានភាពបែបនេះបែរជា «សម្តេចតេជោសែន» សម្រេចធ្វើការដំឡើងប្រាក់ខែជូនមន្ត្រីរាជការស៊ីវិលនាពេលនេះដែរគឺមានន័យថា សម្តេចប្រើប្រាស់វិធីសាស្ត្រទាញអារម្មណ៍មន្ត្រីរាជការ និងសាច់ញាតិបងប្អូនរបស់មន្ត្រីរាជការទាំងនោះមិនឲ្យចូលរួមធ្វើមហាបាតុកម្មប្រឆាំងលទ្ធផលឆ្នោតក្រោមការដឹកនាំរបស់គណបក្សនយោបាយប្រឆាំងជាយថាហេតុ។
ទោះយ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ការសម្រេចដំឡើងប្រាក់ខែជូនមន្ត្រីរាជការក្នុងដំណាក់កាល «សម្តេចតេជោសែន» ធ្វើជានាយករដ្ឋមន្ត្រីចាំផ្ទះ គឺជាការសម្រេចមួយដែលមិនសមស្របឡើយ ហើយបើចង់ដំឡើងអាចរង់ចាំប្រកាសសុពលភាពនាយករដ្ឋមន្ត្រីនីតិកាលទី៥ រួចរាល់ក៏មិនទាន់ហួសពេលដែរ និងលើសពីនេះការសម្រេចដូច្នេះ ធ្វើឲ្យប៉ះពាល់ដល់បរិយាកាសនៃការប្រកាសលទ្ធផលឆ្នោត «ជាការដាក់សម្ពាធទៅលើគណបក្សសង្គ្រោះជាតិដែលកំពុងតវ៉ានឹងលទ្ធផលឆ្នោតនៅឡើយ» ថែមទៀត៕
________________________________
ប្រភពពីដើមត្នោត
Read more: http://www.cambodiapage.info/


0 comments:
Post a Comment